Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីសាធារណការ ព្រមានឲ្យឃាត់ខ្លួនអ្នកបើកបរប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ និងឈៀកក្លែងក្លាយ ចេញពីខេត្តព្រះវិហារ

25-03-2019 21:11

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានណែនាំដល់ក្រុមត្រួតពិនិត្យតាមគោលដៅនានាក្នុងខេត្ត ត្រូវធ្វើការឃាត់ខ្លួនភ្លាមអ្នកបើកបរទាំងឡាយណា ដែលប្រើប្រាស់បណ្ណ័បើកបរក្លែងក្លាយ និងប័ណ្ណបើកបរ ទិញចេញពីខេត្តព្រះវិហារ ព្រមទាំងឈៀកក្លែងក្លាយ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក សំ លាងទ្រី បានបញ្ជាក់ថា លោកណែនាំឲ្យ ក្រុមត្រួតពិនិត្យយានយន្តតាមដងផ្លូវ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលប្រើប័ណ្ណបើកបរក្លែងក្លាយ និងឈៀកក្លែងក្លាយ ដែលធ្វើចេញពីខេត្តព្រះវិហារនេះ គឺក្នុងគោលបំណងស្រាវជ្រាវរកអ្នកដែលផលិត ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់។

លោកបានសង្កត់ធ្ងន់ទៀតថា មិនមែនឃាត់ខ្លួនអ្នកប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ យកទៅផ្តន្ទាទោសនោះទេ ប៉ុន្តែបើយើងមិនឃាត់ ខ្លួនគាត់ តើយើងនឹងធ្វើដូចម្តេច ដើម្បីស្រាវជ្រាវរកអ្នកផលិតក្លែងក្លាយឃើញនោះ?។

លោក សំ លាងទ្រី បានគូសបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារមិនទាន់ជួបប្រទះអ្នកប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយនោះទេ តែសម្រាប់ខេត្តផ្សេង មាន ដែលករណីនេះហើយ លោកមានវិធានការទប់ស្កាត់ មិនឲ្យករណីនេះកើតមានដាច់ខាត ក្នុងខេត្តព្រះវិហារនោះ។ លោកថា ប័ណ្ណបើកបរក្លែងក្លាយ ឬមិនក្លែងក្លាយ គឺស្រួលពិនិត្យណាស់ ព្រោះឥលូវនេះ មានភ្ជាប់ប្រព័ន្ធ (Q R Code) ឆែកតែតាមទូរស័ព្ទ ដឹងភ្លាមៗ។

ជាមួយគ្នានោះ លោក សំ លាងទ្រី បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលមិនទាន់មានប័ណ្ណបើកបរ សូមអញ្ជើញទៅដាក់ពាក្យ ប្រលងយកប័ណ្ណបើកបរ នៅមន្ទីរសាធារណការខេត្ត ដែលធ្វើការប្រឡងយកប័ណ្ណបើកបរតាមអនឡាញ និងម្យ៉ាងទៀតពលរដ្ឋដែលត្រូវការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្ត សូម យករថយន្តទៅពិនិត្យនៅក្នុងមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត រៀងរាល់ម៉ោងធ្វើការ ជៀសវាងការធ្វើខាងក្រៅ ឬទិញពីគេដែលនាំឲ្យចាញ់បោក និងមានទោសទៀតនោះ៕