(កំពត)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជឿជាក់ថា ឆ្លងកាត់ការធ្វើលំហាត់ សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើឱ្យកងទ័ពកម្ពុជា កាន់តែសមត្ថភាពគ្រប់គ្រាន់ មានភាពប៉ិនប្រសព្វ ដើម្បីឆ្លើយតបទៅនឹងកិច្ចការការពារសត្រូវឈ្លានពាន និងបញ្ហាណាមួយដែលកើតឡើងជាយថាហេតុ។

ការអះអាងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, ឧត្តមសេនីយ៍ទោ ចាំង ហៃឈីង មេបញ្ជាការរងកងទ័ពជើងគោក តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងបណ្តាសេនានុព័ន្ធប្រទេសជាមិត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទលំហាត់សមយុទ្ធ នាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺន តេជោសែនជុំគីរី របស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។

រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ជាការចាំបាច់ជាទីបំផុត ចាំបាច់ណាស់យើងត្រូវតែធ្វើ ទ័ពយើងត្រូវតែមានការ ហ្វឹកហាត់លត់ដុំ គឺជាសមយុទ្ធ ហើយការធ្វើសមយុទ្ធរបៀបបាញ់គ្រាប់ពិតនេះ ដូច្នេះបញ្ជាក់ហើយ បញ្ជាក់ទៀតអត់មានទៅគម្រាមកំហែងអ្នកណាទេ ក្រៅពីបង្កើតសមត្ថភាពរបស់យើងឱ្យកាន់តែស្ទាតជំនាញ ឱ្យមានភាពប៉ិនប្រសព្វ ក្នុងការបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងការពារសុខសុវត្ថិភាព របស់ប្រជាជនយើង»

ឧត្តមសេនីយ៍ទោ ចាំង ហៃឈីង បានថ្លែងថា សមយុទ្ធនាគមាសកម្ពុជា-ចិន មានគោលបំណងចូលរួមចំណែក ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពទាំងពីរ ក្នុងការទប់ទល់ការគម្រាមកំហែង ពីណាក់បរទេសណាមួយផងដែរ។ ដោយឆ្លងកាត់ការធ្វើលំហាត់សមយុទ្ធរួមគ្នាទាំង៣លើកនេះ សម្លឹងឃើញថាសមត្ថភាពលើការងារជំនាញ ការហ្វឹកហ្វឺនជំនាញ សមត្ថភាពការរៀបចំហ្វឹកហ្វឺនរវាងកងទ័ពទាំងពីរ គឺមានការរីកចម្រើនជាលំដាប់។

ឧត្តមសេនីយ៍ទោ ចាំង ហៃឈីង បានបន្តថា លំហាត់សមយុទ្ធនេះ នឹងក្លាយជាយុទ្ធនាការមួយសម្រាប់លើកកម្ពស់សមត្ថភាព ហើយការហ្វឹកហ្វឺនកន្លងមកនេះ គឺមានសមត្ថភាពការពារសត្រូវ ឬក៏ប្រទេសណាដែលមានចេតនាចង់ឈ្លានពានកម្ពុជា។ ជាមួយគ្នានេះដែរកងទ័ពកម្ពុជា-ចិន បានរកឃើញនូវលទ្ធផល និងបច្ចេកទេសថ្មីៗជាច្រើន ដែលជាជំនួយយ៉ាងខ្លាំងក្នុងការលើកកម្ពស់សមត្ថភាព ប្រយុទ្ធរបស់កងទ័ពទាំងពីរផងដែរ។

ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាសជាដើម។

សូមជម្រាបថា បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះ បានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិ ន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕