(តូក្យូ-ជប៉ុន)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។
ពិធីចុះហត្ថលេខានេះធ្វើឡើងនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅប្រទេសជប៉ុន រវាងលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។
រដ្ឋមន្ត្រីក្រសួងយុត្តិធមជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពី ពលករជំនាញនាថ្ងៃនេះ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតល្មួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។
លោក អ៉ិត សំហេង បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ម៉ឺន១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត ៧ពាន់នាក់។
តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយ ជាយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ។
រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ «ពលករជំនាញ១» និង «ពលករជំនាញ២»។ ច្បាប់នេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។
ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង២ប្រភេទ ពីប្រទេសចំនួន៨ រួមមាន៖ កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូងក្នុងនោះពលករជំនាញសម្រាប់ការងារចំនួន ១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសម្អាតអាគារ ការផលិតគ្រឿងបម្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ការងារសំណង់ ការផលិតនាវា ការជួសជុល និងដំឡើងរថយន្ត ការងារអាកាសចរ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារ និងភេសជ្ជៈ និងការងារនៅភោជនីយដ្ឋាន។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សរណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីន ដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩៕