(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៣៩ នៃការដាក់ឲ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅផ្សារទំនើបអ៊ីអនសែនសុខ។

ក្នុងឱកាសនោះ លោក ដុស ឌីន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានគូសបញ្ជាក់ថា «អម្រឹត តែងតែយកចិត្តទុកដាក់ និងជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែទំលំទូលាយ។ ជាក់ស្ដែងនៅអម្រឹត ប្រាក់បៀវត្សរ៍ និងប្រាក់លើកទឹកចិត្តបុគ្គលិកផ្សេងៗ ត្រូវបានបើកជាប្រាក់រៀល ហើយអម្រឹតក៏បានលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួន ស្នើកម្ចី និងដាក់ប្រាក់សន្សំជាប្រាក់រៀលផងដែរ»។

ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន អម្រឹត បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់សេវាកម្មផ្សេងៗមានដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់រវាងសាខា សេវាទូទាត់វិក្កយប័ត្រ ATM សេវាទូទាត់រហ័ស FAST និងមានសេវាជាច្រើនទៀតដែលប្រើប្រាក់រៀល។ ជាក់ស្តែងគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ អម្រឹត មានសំពៀតឥណទានសរុបមានប្រមាណ៨០០លានដុល្លារ ដែលក្នុងនោះ ២៣ភាគរយ នៃសំពៀតឥណទានសរុបជាប្រាក់រៀល ចំណែកឯប្រាក់បញ្ញើសរុបមានចំនួនប្រមាណ៤៦០លានដុល្លារ ដែលក្នុងនោះ ២១ភាគរយ នៃប្រាក់បញ្ញើសរុបជាប្រាក់រៀល។

ការចូលរួមទាំងអស់នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អម្រឹត ក្នុងការជ្រោមជ្រែងលើកតម្កើងការប្រើប្រាស់ប្រាក់រៀលខែ្មរ ឲ្យកាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីការខ្ចីប្រាក់ សន្សំប្រាក់ រហូតដល់ការទិញទំនិញនៅតាមទីផ្សារ។ ការចរាចរប្រាក់រៀលខ្មែរ កាន់តែច្រើននៅលើទីផ្សារ នឹងពង្រឹងសេដ្ឋកិច្ចឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយចីរភាពនៅពេលអនាគត។

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការចូលរួមវិនិយោគិនពីអន្តរជាតិដែលជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីជួយជ្រោមជ្រែងអម្រឹតឲ្យកាន់តែមានកិត្តិនាម និងកិត្យានុភាពរីកសុសសាយនៅលើឆាកអន្តរជាតិផងដែរ។ Advans SA ជាក្រុមហ៊ុនមួយដែលមានការិយាល័យកណ្តាល នៅក្នុងប្រទេសលុចហ្សំបួរគ្របដណ្តប់លើប្រទេសមួយចំនួនដូចជា៖ ប្រទេសកាមេរ៉ូន, ហ្កាណា, កុងហ្គូ, កូដូវ័រ, ប៉ាគីស្ថាន, នីហ្សេរីយ៉ា, ទុយនេស៊ី, ភូមា និងរួមទាំងប្រទេសកម្ពុជាផងដែរ។

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលហៅកាត់ថា «IFC» ដែលជាបុត្តសម្ពន្ធរបស់ធនាគារពិភពលោក World Bank Group ក៏បានវិនិយោគក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផងដែរ។ IFC គឺជាស្ថាប័នមួយដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍជុំវិញពិភពលោក ដោយផ្ដោតទាំងស្រុងទៅលើវិស័យឯកជន។ IFC ធ្វើការជាមួយសហគ្រាសឯកជន នៅក្នុងបណ្ដាប្រទេសប្រមាណជា ១០០ប្រទេស។

បន្ថែមលើសពីនេះទៅទៀត អម្រឹតក៏មានភាគទុនិកអន្តរជាតិផ្សេងទៀតដូចជា៖ FMO ជាក្រុមហ៊ុនអភិវឌ្ឍន៍ធនាគាររបស់ប្រទេសហូឡង់, LFP ជាក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីក្នុងប្រទេសបារាំង និង Botta ដែលជាក្រុមហ៊ុនបុគ្គលិក៕