(កំពត)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសជាចំហរថា ប្រទេសកម្ពុជាស្វាគមន៍ ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសជាមិត្តទាំងអស់ ដោយមិនមែនត្រឹមតែចិនប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាត្រូវពិនិត្យលើឆន្ទៈ ភាពស្មោះត្រង់នៃការធ្វើសមយុទ្ធនោះថាធ្វើឡើងដើម្បីអ្វី ហើយឆ្លើយតបនឹងកិច្ចការងារ ឬទេ? សម្តេចបន្តថា បើវាឆ្លើយតបនឹងតម្រូវការជាក់ស្តែងកម្ពុជា ស្វាគមន៍ទាំងអស់។
ការអះអាងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទលំហាត់សមយុទ្ធ នាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺន តេជោសែនជុំគីរី របស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។
រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «សមយុទ្ធនេះ គឺមិនមែនត្រឹមតែធ្វើ ជាមួយសាធារណរដ្ឋប្រជាមានិតចិន នោះទេក៏ប៉ុន្តែអ្នកណាក៏ដោយឱ្យតែមានការពិភាក្សារៀបចំត្រឹមត្រូវធ្វើតាមគោលការណ៍ដូចច្បាប់បានកំណត់ គឺយើងនឹងធ្វើទាំងអស់ ត្រូវតែពិនិត្យមើលដែលនូវសុឆន្ទៈ និងភាពស្មោះត្រង់នៃការសមយុទ្ធហ្វឹកហ្វឺនដើម្បីអ្វី ដើម្បីអ្វី ហើយវាឆ្លើយតបនឹងកិច្ចការងារ ឬទេ បើមានឆ្លើយតបនឹងតម្រូវការយើងរីករាយស្វាគមន៍ទាំងអស់ មិនថាអ្នកណានោះទេ»។
ជាមួយគ្នានេះសម្តេចបានបន្តថា ឆ្លងតាមរយៈការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានចំនួន៣លើករួចហើយមកនេះ សម្តេចជឿជាក់កងយោធពលខេមរភូមិន្ទ របស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដែលមានបំណងចង់ធ្វើលំហាត់សមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពកម្ពុជា ផងដែរ។ ក៏ប៉ុន្តែសម្រាប់ហាត់សមយុទ្ធយោធានោះ ត្រូវតែបំពេញលក្ខខណ្ឌឱ្យត្រឹមត្រូវតាមច្បាប់របស់កម្ពុជាដែរ បានកំណត់ផងដែរ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមទៀតថា បច្ចុប្បន្ននេះកម្ពុជា មានគណៈកម្មការរៀបចំការធ្វើសមយុទ្ធជាមួយបណ្តាប្រទេសនានា ពោរពេញដោយបច្ចេកទេស មេបញ្ជាការ នាយទាហាន និងកងកម្លាំងគ្រប់គ្រាន់ដែលសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ និងពោរពេញដោយសមត្ថភាព ដើម្បីឆ្លើយតបនឹងកិច្ចការងារទាំងនេះ ហើយកម្ពុជាមានទីកន្លែងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅបានគ្រប់កាលៈទេសៈ ទៅតាមសំណើរបស់បណ្តាប្រទេស ដែលមានបំណងធ្វើលំហាត់សមយុទ្ធយោធារួមគ្នាផងដែរ។
សម្តេចពិជ័យសេនា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពចិន មិនមែនជាការគម្រាមកំហែងដល់បណ្តាប្រទេសណាមួយ ដូចដែលមតិតមួយចំនួនលើកឡើងនោះទេ។ ដូច្នេះសូមប្រជាពលរដ្ឋ និងបណ្តាប្រទេសជាមិត្តកុំភ័យខ្លាចឱ្យសោះ ហើយការធ្វើលំហាត់សមយុទ្ធនេះ គឺដើម្បីរិតចំណងមិត្តភាព និងបង្កើតសមត្ថភាពរបស់កងទ័ពទាំងពីរប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅបញ្ហាណាមួយដែលកើតឡើង ជាយថាហេតុតែប៉ុណ្ណោះ៕