(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ លោកឧត្ដមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល វិជ្ជាជីវៈរក្សាសណ្តាប់ធ្នាប់អន្តរាគមន៍ និងប្រើប្រាស់ អាវុធរក្សាសណ្តាប់ធ្នាប់ ។
លោកឧត្តមសេនីយ៍ទោ ស សំបូរធន បានឲ្យដឹងថា ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យរូបលោក ធ្វើជាអធិបតីក្នុងពិធីនេះ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ដល់នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីនេះបានយ៉ាងល្អ។ លោកឧត្តមសេនីយ៍នាយសេនាធិការ បានបន្តថា បញ្ហាសន្តិសុខ ជាជ្រុងមួយ នៃយុទ្ធសាស្ត្រចតុកោនរបស់រាជរដ្ឋាភិបាលកម្ពុជា និងចាត់ទុកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាកត្តាមួយដ៏សំខាន់ និងមានឥទ្ធិពលដល់បញ្ហាផ្សេងៗទៀត ពិសេសគឺការស្តានិងអភិវឌ្ឍន៍សង្គម។
ដោយហេតុនេះហើយ កងរាជអាវុធហត្ថតែងតែជម្នះ នូវរាល់ការលំបាក ដើម្បីរួមចំណែកពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ពិសេសចូលរួមបង្ក្រាបបទល្មើសព្រហ្មទណ្ឌដែលកើតមាន ដូចជាការចាប់ជំរិតទាប្រាក់, អំពើមនុស្សឃាត, ចោរប្លន់, ចោរកម្ម, ការប្រើប្រាស់អាវុធខុសច្បាប់, បង្ក្រាបការជួញដូរឬប្រើប្រាស់គ្រឿងញៀន, បង្ក្រាបបទល្មើសព្រៃឈើ, បទល្មើសត្វព្រៃ, បទល្មើសធនធានធម្មជាតិ, ការរុកទន្ទ្រានដីដោយខុសច្បាប់, បទល្មើសនេសាទ និងបង្ក្រាបការគេចពន្ធគយជាដើម -ល- ទន្ទឹមនឹងនោះ កម្លាំងអាវុធហត្ថ បានចូលរួមក្នុងការអនុវត្តសាលដីកា សាលក្រមតុលាការគ្រប់ជាន់ថ្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយ ដើម្បីជៀសវាងការមានកំហុសឆ្គង ដើម្បីដើរឲ្យទាន់របថ នៃសង្គមនាពេលបច្ចុប្បន្ន និងត្រៀមបម្រុងសម្រាប់អនាគតផងដែរ ដើម្បី អភិវឌ្ឍន៍ធនធានមនុស្ស ឲ្យមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ កងរាជអាវុធហត្ថ ក៏ដូចជាការប្រើប្រាស់ ឲ្យមានប្រសិទ្ធិភាព មានវិជ្ជាជីវៈ និងចំគោលដៅ ងាយស្រួលក្នុងការគ្រប់គ្រងដឹកនាំបញ្ជា ដែលជាចក្ខុវិស័យរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ។
ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស សំបូរធន បានដាក់ចេញនូវចំណុចសំខាន់ៗ មួយចំនួន ដើម្បីឱ្យវគ្គសិក្សានេះ មានប្រសិទ្ធភាពខ្ពស់៖
១៖ ត្រូវរៀបចំបង្កើតគណៈគ្រប់គ្រងវគ្គ ហើយគណៈគ្រប់គ្រងវគ្គនេះ ធ្វើជាសេនាធិការឱ្យនាយកមជ្ឈមណ្ឌល រាល់ការងារ ដែលពាក់ព័ន្ធជាមួយដំណើរការនៃវគ្គសិក្សា។
២៖ ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងសិក្ខាកាមឱ្យបានម៉ឺងម៉ាត់ លើការងាររៀនសូត្រ ហ្វឹកហ្វឺន ការសុំអនុញ្ញាតច្បាប់ ការគោរពវិន័យ ការស្លៀកពាក់ និងការស្នាក់នៅហូបចុករបស់សិក្ខាកាម។
៣៖ ត្រូវយកចិត្តទុកដាក់លើការងារផ្ទះបាយ និងត្រូវធ្វើការប្រកាសរបបសេដ្ឋកិច្ចជាចំហរ។
៤៖ ត្រូវមានរបាយការណ៍ចំនួនទ័ព និងរបាយការណ៍ហ្វឹកហ្វឺនប្រចាំថ្ងៃ និងរាយការណ៍ឱ្យបានទៀងទាត់តាមឋានានុក្រម។
៥៖ ត្រូវបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ ស្តីពីការងារហ្វឹកហ្វឺន ។
៦៖ ត្រូវបំពេញភារកិច្ចតាមឋានានុក្រម។
៧៖ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ។
៨៖ ត្រូវប្រជុំជាប្រចាំដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ។
៩៖ ពិនិត្យតាមដានរាល់ការបង្រៀនរបស់យោធាចារ្យ។
លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវខិតខំយកចិត្តទុដាក់រៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញ និងសិក្សាអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា មានសាមគ្គីភាព ផ្តល់បទពិសោធគ្នាទៅវិញទៅមក មិនត្រូវដើរហើដោយគ្មានការអនុញ្ញាតពីនាយកមជ្ឈមណ្ឌល និងរស់នៅហូបចុកស្លៀកពាក់ស្អាត៕