(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំដំរីពួន តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់កុដិ៍១ខ្នង ដែលចំណាយការសាងសង់ អស់ចំនួន៧០,៨៨៣ដុល្លារ។
ក្នុងនោះផងដែរ រួមទាំងប្រាសាទសរសេរឈ្មោះសប្បុរសជន និងសមិទ្ធិផលនានា ក្នុងវត្តព្រះជីរ៍ ស្ថិតក្នុងភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានការចូលរួមពីលោកអភិបាលស្រុកស្វាយអន្ទរ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំនានា មន្ត្រីរាជការស្រុក-ឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៧០០នាក់ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក សៀង សេន បានលើកឡើងពីប្រវត្តិរបស់វត្តព្រះជីរ៍នេះ ដែលមានអាយុកាលប្រមាណ២០០ឆ្នាំ កន្លងមកហើយ។ ក្នុងរបបខ្មែរក្រហម វត្តព្រះជីរ៍ ក៏ដូចជាវត្តអារាម ទូទាំងប្រទេស ត្រូវបានរបបអាវខ្មៅបំផ្លាញ ខ្ទេចស្ទើរគ្មានសល់។
លោកថា ប៉ុន្តែបន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ វត្តព្រះជីរ៍ ក៏ដូចជាវត្តដទៃទៀត នៅទូទាំងប្រទេស ត្រូវបានកសាងឡើងវិញ ជំនឿសាសនា ត្រូវបានអនុញ្ញាត ឲ្យគោរពប្រតិបត្តិ ជាក់ស្តែងដោយកិច្ចខំប្រឹងប្រែង របស់ព្រះ គ្រូចៅអធិការវត្ត ព្រះសង្ឃក្នុងវត្តព្រះជីរ៍ និងពុទ្ធិបរិស័ទ ព្រមទាំងសប្បុរសជន ដែលមានសទ្ធាជ្រះថ្លារួមគ្នា សម្រេចបានសមិទ្ធិផលនានា ក្នុងវត្តព្រះជីរ៍ សម្រាប់តម្កល់ទុកជាប្រយោជន៍ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
លោក ក៏បានអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងក្មួយៗសិស្សនុសិស្ស ឲ្យចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម កុំឲ្យចាញ់បោកការញុះញង់របស់ជនអគតិមួយក្តាប់តូច ក្នុងគោលបំណង បំផ្លាញស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ និងអនុវត្តឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជំរុញកូនចៅ ឲ្យបានចូលរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោក សៀង សេន ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានខិតខំ បំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព និងសូមឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន នូវគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងក្នុងរដូវប្រាំងនេះ ពិសេសក្នុងពិធីសែនព្រេន ចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
លោកបាននាំនូវអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ រួមមាន៖ ថវិកាកសាងវត្ត២០លានរៀល, រដ្ឋបាលស្រុកចំនួន២០ម៉ឺនរៀល, រដ្ឋបាលឃុំចំនួន២០ម៉ឺនរៀល, គ្រូបង្រៀនបឋមសិក្សា ចំការគួយ ចំនួន១៨នាក់ ក្នុង១នាក់ ២ម៉ឺនរៀល, គ្រូពេទ្យមណ្ឌលសុខភាពដំរីពួន៧នាក់ ក្នុង១នាក់ ២ម៉ឺនរៀល តាជី-យាយជី៤០នាក់ ក្នុង១នាក់ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល សិស្សានុសិស្ស១៨៥នាក់ ក្នុង ១នាក់ សៀវភៅ២ក្បាល, ប៊ិច១, ខ្មៅដៃ ១ និងថវិកា២ពាន់រៀល៕