(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែននគរបាលព្រំដែន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានចុះផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួល និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ជូនរដ្ឋបាលសាលាខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធជាច្រើនទៀត។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ ដើម្បីសហការជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែន អង្គភាព និងកងកម្លាំងនានា ដែលបំពេញភារកិច្ច នៅតាមគោលដៅខ្សែបន្ទាត់ព្រំដែនសម្រាប់អនុវត្តន៍ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ លុបបំបាត់នូវភាពអសកម្ម ភាពអនាធិបតេយ្យមួយចំនួន ដែលផ្តើមចេញពីការគប់គិតរបស់សមត្ថកិច្ច។
នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សំរិទ្ធ ឌី ក៏បានលើកឡើងអំពីសំណូមពរ តួនាទីភារកិច្ច ដែលត្រូវអនុវត្តទាំង៧ចំណុច រួមមាន៖
១៖ ពិនិត្យអំពីសកម្មភាពការងារ ក្តាប់សភាពការណ៍ពីសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំដែន។
២៖ បង្ក្រាបបទល្មើស និងការឆ្លងដែនអនាធិបតេយ្យតាមច្រករបៀង។
៣៖ ដឹកនាំ ទប់ស្កាត់ កាត់បន្ថយភាពអសកម្ម ពង្រឹងសណ្តាប់ធ្នាប់ នៅតាមច្រកទ្វារព្រំដែនឲ្យមានប្រសិទ្ធភាព។
៤៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវខិតខំទប់ស្កាត់ការជួញដូរគ្រឿងញៀន និងដឹកឈើឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានព្រៃយកដី ការហ៊ុព័ទ្ធកាន់កាប់ដីព្រំដែនដោយខុសច្បាប់ ការសាងសង់សំណង់ខុសច្បាប់តាមបណ្តោយព្រំដែន។
៥៖ បណ្តាអង្គភាពមានសមត្ថកិច្ចនៅក្នុងខ្សែបណ្តោយព្រំដែន ត្រូវខិតខំប្រមែប្រមូលព័ត៌មាន ដែលទាក់ទងនឹងបទល្មើសឆ្លងដែន ដើម្បីសហការណ៍បង្ក្រាប។
៦៖ ពិនិត្យអំពីប៉ុស្តិ៍អនាធិបតេយ្យ ជាពិសេសការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងការលួចបើកច្រករបៀងព្រំដែនដោយខុសច្បាប់។
៧៖ បំពេញការងារផ្សេងៗទៀត តាមការដឹកនាំបញ្ជារបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕