ទេសរដ្ឋមន្រ្តី លី ធុជ ប្តេជ្ញាចិត្តចុះសហការ និងជំរុញឲ្យអាជ្ញាធរខេត្ត អនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត
25-03-2019 18:30
(រតនគិរី)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងថា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី អាណត្តិមុខ បានសហការ ជាមួយអាជ្ញាធរខេត្ត គ្រប់ជាន់ថ្នាក់ដោះស្រាយនូវសំណូមពរសំណើ និងកង្វល់របស់ប្រជាពលរដ្ឋ បានយ៉ាងច្រើន ដោយមិនបានទុកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋណាម្នាក់ ដោយគ្មានដំណោះស្រាយ និងចម្លើយឆ្លើយតបជាដាច់ខាត ដូចជា ដោះស្រាយបញ្ហដីធ្លី បញ្ហាយឺតយ៉ាវក្នុងការផ្តល់សេវាសាធរណៈ និងការអភិវឌ្ឍនៅមូលដ្ឋានជាដើម។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសមាជិកក្រុមការងារថ្នាក់ជាតិទាំងអស់ បានប្តេជ្ញាថា និងចុះបំពេញការងារនៅមូលដ្ឋាន ឲ្យបានញឹកញាប់បំផុត ដើម្បីស្តាប់សំណើរសំណូមពរ និងកង្វលរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ព្រមទាំងបង្កើតក្រុមការងារ តាមដានព័ត៌មានទាំងឡាយ ដែលបានកើតឡើងនៅមូលដ្ឋាន ដើម្បីធ្វើការសម្របសម្រួល និងជំរុញឲ្យអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលមានសមត្ថកិច្ចដោះស្រាយបញ្ហា ដែលកើតមានឡើងនៅមូលដ្ឋានទាំងនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកថា ជាពិសេស ក្រុមការងារនឹងចុះផ្សព្វផ្សាយគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាតិតំណាក់កាលទី៤ និងសមត្ថិផលធំៗថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនាពេលកន្លងមកនេះ និងអ្វីដែលរាជរដ្ឋាភិបាល នឹងធ្វើនៅខាងមុខសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា នៅពេលខាងមុខ ព្រមទាំងអនុវត្តការងារផ្សេងៗទៀត ដូចមានចែងក្នុងសេចក្តីណែនាំ ស្តីពីតួនាទីភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ក្រុង។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមាជិកក្រុមការងារទាំងអស់ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការចុះបំពេញការងារនៅមូលដ្ឋាន តាមតួនាទីនិងភារកិច្ច ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់៕