(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកស្រី Cristian Mundate តំណាងអង្គការ UNICEF, លោក Nick Bersford តំណាងអង្គការ UNDP និង លោក Sardar Umar Alam តំណាងអង្គការ UNESCO ចូលជួបសម្តែងការគួរសម និងជូនសារតាំង។
ជំនួបនេះ គឺធ្វើឡើងក្នុងបំណង ដើម្បីពិភាក្សាគ្នា ក្នុងការរៀបចំកិច្ចសន្ទនាជាប្រចាំឆ្នាំ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយនឹងអង្គការដៃគូអភិវឌ្ឍ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ នេះបើតាម លោក សឹម វីរៈ ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួប។
ទីប្រឹក្សាក្រសួងការបរទេសរូបនេះ បានបញ្ជាក់ថា កិច្ចសន្ទនាប្រចាំឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ នឹងលើកឡើងនៅប្រធានបទ ៣សំខាន់ៗ រួមមាន៖ ទី១ កិច្ចគាំពារសង្គម , ទី២ ៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ និងទី៣៖ ការត្រួតពិនិត្យរបាយការណ៍ជាតិ ដោយស្ម័គ្រចិត្ត ដែលរៀបចំធ្វើឡើង នៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក សឹម វីរៈ បានបន្ថែមទៀតថា វេទិកាត្រួតពិនិត្យដោយស្មោះចិត្តនេះ គឺជាវេទិកាដ៏សមស្របរបស់កម្ពុជា ដើម្បីបង្ហាញជូនសហគមអន្ដរជាតិ អំពីជោគជ័យរបស់កម្ពុជាកន្លងមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ នាពេលកន្លងមក។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបតិ្ដការកន្លងមក របស់ក្រុមទីភ្នាក់ងារនៃ អង្គការសហប្រជាជាតិ និងការចូលរួមចំណែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជា នាពេលកន្លងមកនេះ៕