(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសបើកចំហរជាមួយគោលនយោបាយវិនិយោគល្អជាងគេនៅក្នុងតំបន់ ដែលវិនិយោគិនបរទេស អាចធ្វើប្រតិបត្តិការធុរកិច្ចគ្រប់លើវិស័យ និងអាចកាន់កាប់ភាគហ៊ុន និងប្រាក់ចំណេញ ១០០% ដោយមិនបាច់មានដៃគូសហការក្នុងស្រុក ព្រមទាំងការលើកលែងពន្ធនាំចូលគ្រឿងចក្រធុនធ្ងន់ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ទៅកាន់លោក ដុក អេរិកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភាអាមេរិក។
នៅក្នុងជំនួបជាមួយលោក ដុក អេរិកសិន (Doug Ericksen) សមាជិកព្រឹទ្ធសភាអាមេរិក និងលោក ជេយ រូដនី (Jay Rodne) វីរៈសេនីយ៍ឯក មកពីរដ្ឋធានីវ៉ាស៊ីនតោន នាទីស្តីការក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានបកស្រាយអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅបង្កើនជំនាញ និងធ្វើពិពិធកម្មវិស័យកម្មន្តសាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
លោករដ្ឋមន្ត្រី បានស្នើលោក ដុក អេរិកសិន និងលោក ជេយ រូដនី ជួយកៀងគរវិនិយោគិនអាមេរិក ឱ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា លើវិស័យមានសក្តានុពលសំខាន់ៗដូចជា៖ ឧស្សាហកម្ម (គ្រឿងបន្លាស់រថយន្ត និងវាយនភណ្ឌ) ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាន និងកសិកម្ម ដោយសារកម្ពុជា មានធនធានធម្មជាតិមិនទាន់កែច្នៃជាច្រើន ដែលធុរជនអាមេរិក អាចអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃ ដើម្បីទាញយកប្រាក់ចំណេញខ្ពស់ពីការនាំចេញ។
ជាការឆ្លើយតបលោក ដុក អេរិកសិន និងលោក ជេយ រូដនី បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានចែករំលែកព័ត៌មានទាក់ទងវិស័យសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា និងបានសន្យានាំយកដំណឹងទាំងអស់នេះទៅផ្សព្វផ្សាយដល់សហគមន៍ធុរកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជំរុញការវិនិយោគពីអាមេរិក មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើន សំដៅពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោក ដុក អេរិកសិន និងលោក ជេយ រូដនី បានកោតសរសើរអំពីវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវប្បធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ដែលបានឆក់បេះដូងអ្នកនយោបាយទាំងពីរ ឱ្យវិលត្រលប់មកកម្ពុជាសារជាថ្មី នៅពេលខាងមុខ៕