(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបគណ:កម្មាធិការផលិតភាពកម្ពុជា អញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកដោយឯកឧត្តម ស៊ីសុវត្តិ ដួងច័ន្ទទោ។
ជំនួបនេះមានគោលបំណងប្រឹក្សាយោបល់ស្តីពី «ផលិតភាពក្នុងវិស័យកសិកម្មនៅកម្ពុជា» មួយវិញទៀត គឺចង់ស្វែងយល់បន្ថែមពី លោករដ្ឋមន្រ្តីអំពីទស្សនវិស័យចំបង ក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។
លោករដ្ឋមន្រ្តី បានជម្រាបជូន លោកប្រធានជ្រាប ពីការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកម្ពុជាបានរំដោះខ្លួន ចេញពីប្រទេសផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ សេចក្តីត្រូវការក្នុងស្រុក តែបច្ចុប្បន្នកម្ពុជាផលិតស្បៀងលើស ពីតម្រូវការក្នុងស្រុក ឈានទៅជាប្រទេសនាំស្បៀងចេញ ហើយកំពុងនឹងពង្រីង និងពង្រីកផលិតភាពផលិតកម្មរបស់ខ្លួន ឲ្យកាន់តែមានសក្តានុពល ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុតំបន់ និងក្នុងពិភពលោកសមស្រប តាមស្ថានភាពនយោបាយ កំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន។
លោករដ្ឋមន្ត្រីបន្តថា ទទ្ទឹមនឹងសមិទ្ធផលដែលក្រសួងសម្រេចបានជាវិជ្ជមាន ក្រសួងក៏កំពុងជួបបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនសមស្រប តាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ទេសចរណ៍ និងជាពិសេសការប្រកួតប្រជែងទីផ្សារក្នុងស្រុក ក្នុងតំបន់ និងនៅទូទាំងពិភពលោក។
លោកបន្តថា បញ្ហាប្រឈមទាំងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅខ្វះខាត ខ្សែច្រវាក់ផលិតកម្មពីដើមទីដល់ចុងទីនៅមានកម្រិត ការផ្គត់ផ្គង់ និងតម្លៃថាមពលអគ្គិសនី នៅមានកម្រិតខ្ពស់ ធនធានថវិកាគាំទ្រនៅមានការខ្វះខាត ប្រព័ន្ធស្រោចស្រព នៅមិនទាន់ឆ្លើយតប បានសមស្របតាមតម្រូវការរបស់ប្រជាកសិករ វិស័យកសិកម្មនៅប្រឈមមុខជាមួយបាតុភូតធម្មជាតិ (ទឹកជំនន់ រាំងស្ងួត ជំងឺ និងសត្វល្អិតចង្រៃ) ការប្រើប្រាស់ធាតុចូលកសិកម្មនៅមាន កម្រិតដែលប៉ះពាល់ដល់គុណភាពដី សមត្ថភាពមន្រ្តីជំនាញ ការងារស្រាវជ្រាវ និងមន្ទីរពិសោធន៍នៅមានកម្រិត ការផ្សព្វផ្សាយនិងការអនុវត្តបច្ចេកវិទ្យាទំនើប ទាន់ម័យនៅមិនទាន់បានទូលំ ទូលាយ និងមានប្រសិទ្ធភាព។ បញ្ហាទាំងអស់នេះ គឺជាដើមហេតុ ឬជាឧបសគ្គដល់វិស័យឯកជន ក្នុងការវិនិយោគធ្វើការកែច្នៃកសិផលដើម្បីនាំចេញ។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា ក្រសួងបាន និងកំពុងខិតខំដោះស្រាយបញ្ហាទាំងនោះ ដោយឈរលើស្មារតីទទួលខុសត្រូវ និងទៅតាមអាទិភាព សមត្ថភាពជាបណ្តើរៗ តាមរយ:ការដាក់ចេញនូវយន្តការអនុវត្តរវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍ បង្កើនការងារផ្សព្វផ្សាយ និងការអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប ជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យា ការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ និងមន្រ្តីជំនាញ ទាំងអស់នេះគឺបានចែងក្នងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ -២០២៣។
លោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មនេះ សម្រេចទៅបានដោយជោគជ័យ លុះត្រាតែមានការចូលរួម សហការ និងគាំទ្រយ៉ាងពេញលេញពីគ្រប់ដៃគូអភិវឌ្ឍ វិស័យឯកជន និងជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធ។
លោក ស៉ីសុវត្តិ ដួងច័ន្ទទោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់កិត្តិយល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ហើយលោកក៏បានឯកភាពចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ហើយចំពោះលទ្ធផលដែលទទួលបាននាថ្ងៃនេះ លោកនឹងរៀបចំរបាយការណ៍លំអិតជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ៕