(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបាននីតិសម្បទាននយោបាយឡើងវិញ បានថ្លែងថា អ្នកដែលមិនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាអ្នកដែលគ្មានគោលដៅច្បាស់លាស់ សម្រាប់ប្រទេសជាតិនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ការស្នើសុំសិទ្ធិនយោបាយឡើងវិញនេះ គឺជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ប៉ុន្ដែលោកថា មេដឹកនាំជាន់ខ្ពស់គណបក្សមួយ បើមិនហ៊ានប្រើសិទ្ធិរបស់ខ្លួនឯង ដើម្បីសម្រេចអ្វីមួយនោះទេ មិនសាកសមជាមេដឹកនាំនោះទេ។
មន្ដ្រីជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ជាជំហររបស់ខ្ញុំ ខ្ញុំអត់ស្វែងរក ខ្ញុំអត់ទៅអូសទាញអ្នកណាទៀតទេ អ្នកដែលត្រូវមក គឺជាការសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំចង់ឃើញថ្នាក់ដឹកនាំក្នុងគណបក្សណាក៏ដោយ មានគោលដៅច្បាស់លាស់សម្រាប់ជាតិ កុំឲ្យច្បាស់លាស់សម្រាប់មេដឹកនាំ កុំឲ្យច្បាស់លាស់សម្រាប់ក្រុម ខ្ញុំចង់ឲ្យច្បាស់លាស់សម្រាប់ជាតិខ្លួនឯង និងប្រជាពលរដ្ឋ»។
លោកអះអាងទៀតថា បុគ្គលមួយចំនួនមិនហ៊ានស្នើសុំសិទ្ធិធ្វើនយោបាយ ដោយសារតែខ្លាចមេ ខ្លាចបាត់បង់តំណែង ឬប្រយោជន៍នៅថ្ងៃក្រោយ ឬខ្លាចគេជេរនោះ មិនទាន់ត្រូវខ្លាចជាអ្នកដឹកនាំជាន់ខ្ពស់នោះទេ ដោយគ្រាន់តែជាអ្នកដើរតាមក្រោយគេប៉ុណ្ណោះ។
សូមជម្រាបថា ក្រុមប្រឆាំងបានបង្ហោះ Facebook ចោទប្រកាន់ថា អ្នកដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ទទួលបានថវិកាប្រមាណ១០ ទៅ២០ម៉ឺនដុល្លារ ហើយបើអ្នកនោះទាក់ទាញមនុស្សទៅសុំសិទ្ធិបានទៀត នឹងទទួលបាន ២ ទៅ៣ម៉ឺនដុល្លារថែមទៀត។
ចំណុចនេះ លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកថា ការចោទប្រកាន់ និងលាបពណ៌បែបនេះ គឺជារឿងអយុត្តិធម៌បំផុត សម្រាប់ក្រុមរបស់លោក។ លោកបញ្ជាក់ថា ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោក គឺអត់មានការទិញដូរនោះទេ ហើយក៏អត់មានអ្នកជំរុញ ឬអ្នកលើកទឹកចិត្តទេ វាជាឆន្ទៈរបស់លោក និងអ្នកទាំង៤នាក់ ដែលចង់ធ្វើ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេ បានដាក់ពាក្យស្នើសុំសិទ្ធិទៅកាន់ក្រសួងមហាផ្ទៃ។
គិតរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ផងដែរ៕