(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអំណោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ត្រូវបានយកទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន៤៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែង នៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង លោក ហោ ប៊ុន ហ៊ួរ អភិបាលស្រុករវៀង និងក្រុមការងារជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំពោះបងប្អូនដែលគ្រោះដោយគ្រោះធម្មជាតិនេះ។
លោក ពឹង ទ្រីដា បានបន្តទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានកើតឡើង ស្ទើរពេញស្រុកក្នុងខេត្តព្រះវិហារ ហើយខេត្តផ្សេងៗទៀតក៏បានរងនូវគ្រោះធម្មជាតិនេះដែរ។ ជាមួយគ្នានេះដែរ លោកសូមសំដែងនូវការចូលរួមសោកស្តាយជាមួយ ប្រជាពលរដ្ឋរងគ្រោះចំពោះហេតុការណ៍អាក្រក់នេះ។ លោកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមិនបណ្តោយឲ្យបងប្អូនប្រជាពលរដ្ឋណារស់នៅ ក្នុងភាពឯកោរស់នៅគ្មានទីពឹងនោះទេ។
ជាក់ស្តែងថ្ងៃនេះ លោកបាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់លោក សួស យ៉ារ៉ា យកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិខូចខាតផ្ទះសំបែងចំនួន៤៤គ្រួសារ នៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារនេះ។
ក្នុងនោះប្រជាពលរដ្ឋ៥គ្រួសារ ដែលរលំផ្ទះបាក់ដល់ដី ក្នុងមួយគ្រួសារទទួលបានអង្ករ៧៥គីឡូក្រាម តង់១ ធុងទឹក១ មី៤កេស ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ មុង១ ប៊ីចេង១កញ្ចប់និងថវិការ៤០ម៉ឺនរៀល។ ចំណែក៣៩គ្រួសារទៀត ទទួលបានអង្ករ៥០គីឡូក្រាម ធុងទឹក១ មី៣កេស ត្រីខ១យួ ទឹកស៊ីវ១យួរ និងថវិកា២០ម៉ឺនរៀល៕