(កំពង់ឆ្នាំង)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក-សមាជិកា ចុះចែកកង់ដល់សិស្សានុសិស្ស ដែលជួបការខ្វះខាត នៅសាលាបឋមសិក្សាសេដ្ឋី ស្ថិតនៅភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក មែ ស៊ីថុន បានថ្លែងថា «ថ្ងៃនេះ រូបខ្ញុំផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានមកជួបលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ទាំង១២នាក់ និងក្មួយៗ សិស្សានុសិស្សទាំងអស់នៅទីនេះ ហើយនេះ ជាលើកទី២ ដែលសមាគមយើងខ្ញុំ បានមកជួបលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស»។

លោកបន្ដថា តាមរបាយការណ៍ និងការស្នើសុំផ្ទាល់ ពីលោកនាយកសាលា ហើយនិងការសន្យារបស់សមាគម គឺថ្ងៃនេះ សមាគមបាននាំយកនូវកង់ចំនួន១២គ្រឿង មកចែកជូនដល់ក្មួយៗទាំង១២នាក់ ដែលកំពុងជួបជីវភាពខ្វះខាតផ្ទះ នៅឆ្ងាយពីសាលា ដែលបង្កការលំបាក ក្នុងការធ្វើដំណើរមកកាន់សាលារៀន។

ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា រូបនេះ បានបន្ថែមទៀតថា លើសពីនេះ សមាគម ក៏មានចាហួយ នំដូណាត់ ទឹកសុទ្ធ និងកាដូជូនដល់លោក គ្រូអ្នកគ្រូ និងគណៈទ្រទ្រង់សាលាសរុប១៣នាក់ផងដែរ ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម» ។

លោក មែ ស៊ីថុន បានលើកឡើងថា ការលំបាករបស់ក្មួយៗ នៅថ្ងៃនេះ គឺធ្វើឲ្យខ្ញុំនឹកឃើញ ពីអតីតកាលជាង៤០ឆ្នាំមុន សូម្បីតែសាលារៀនក៏គ្មានដែរ បាត់អស់នូវសិទ្ធិសេរីភាព គ្មានសាសនា គ្មានវត្តអារាម កូនមិនស្គាល់ ម្ដាយ ឪពុកមិនស្គាល់កូន ព្រាត់ប្រាស់អស់ញ្ញាតិសណ្តាន កាប់សម្លាប់យ៉ាងរង្គាល ពោពេញដោយភាពខ្មៅងងឹត ក្នុងសម័យនោះ ដែលម្នាក់ៗមិនដែលគិតថា ប្រទេសខ្លួននឹងមានសន្តិភាព ដូចបច្ចុប្បន្ននេះទេ។

សូមបញ្ជាក់ថា ការចុះចែកកង់ខាងលើនេះ គឺធ្វើតាមការសន្យា របស់លោក មែ ស៊ីថុន ដែលលោកបានសន្យថា នឹងផ្តល់កង់ចំនួន១២គ្រឿង ជូនដល់សិស្សក្រីក្រ សម្រាប់ធ្វើដំណើរទៅរៀនសូត្រ ក្នុងឱកាសដែល សមាគមអតីតសិស្ស-និសិ្សត នៅកម្ពុជា ចុះចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាសេដ្ឋី កាលពីពាក់កណ្ដាលខែមុន៕