(ស្ទឹងត្រែង)៖ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ បានបក់បោកបំផ្លាញដំណាំចេក របស់ក្រុមហ៊ុនអង្គរបាណាណា នៅឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បណ្តាលឲ្យខូចខាតអស់៦០ហិកតា គិតជាទឹកប្រាក់ប្រហែល១លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក សូមិត្ត តំណាងក្រុមហ៊ុនអង្គរបាណាណា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ។
តំណាងក្រុមហ៊ុនដដែលរូបនេះបញ្ជាក់ថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដោយវាយបំផ្លាញដើមចេក ដែលកំពុងមានផ្លែ និងបំផ្លាញផ្ទះស្នាក់នៅរបស់កម្មករអស់មួយចំនួន។ លោកថា ក្រុមហ៊ុនបានដាំចេញលើផ្ទៃដី សរុបចំនួន៦៥០ហិកតា ហើយកំពុងប្រមូលផល ជាបណ្តើរនាំចេញតាមច្រកវៀតណាម ទៅកាន់ប្រទេសចិន។
លោកបន្តថា ចំពោះដើមចេកទាំង៦០ហិកតា ដែលដួលរំលនោះ គឺក្រុមហ៊ុនត្រូវកាប់ដើមដែលបាក់ចេញ ហើយចេកនឹងដុះចេញមកដូចធម្មតាវិញ ខណៈផ្លែចេកដែលចាស់អាចប្រមូលផលបាន គឺប្រមូលផល ដើម្បីនាំចេញធម្មតា។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈដែលរយៈពេលប៉ុន្មានសប្តាហ៍ចុះក្រោយនេះ បាតុភូធម្មជាតិនេះបានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅតាមខេត្តមួយចំនួន៕