(ក្រចេះ)៖ មន្រ្តីនៅតាមមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ លើជនមានពិការភាពចាស់ជរា-កុមារពិការ រស់នៅមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅតាមបណ្តាខេត្ត។ ការយកចិត្តទុកដាក់របស់មន្រ្តីនៅមូលដ្ឋាន នឹងធ្វើឲ្យជនមានពិការភាពទាំងអស់ កាន់តែមានភាពកក់ក្តៅ និងមានជីវភាពរស់នៅ កាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ដូចនេះ មន្រ្តីនៅតាមមូលដ្ឋាន មិនត្រូវព្រងើយកន្តើយ និងរើសអើង ដល់ជនមានពិការភាពនោះឡើយ។
នេះបើតាមការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទា និងលោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ បានដឹកនាំក្រុមការងារ ចុះពិនិត្យមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
លើកឡើងនៅក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងថា ការចុះមកពិនិត្យ របស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច នាពេលនេះ សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា មាន ចពោះបងប្អូនជនមានពិការភាពនៅកម្ពុជា ជាពិសេសបងប្អូនពិការភាព រស់នៅក្នុងមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅតាមបណ្តាខេត្ត។
លោកបានបន្ថែមថា សកម្មភាពចុះពិនិត្យនៅតាមមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្ប នឹងបន្តនៅតាមបណ្តាខេត្តដទៃទៀត នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យដឹងពីសុខទុក្ខរបស់បងប្អូនជនពិការ ជាពិសេសគឺបានពិនិត្យមើលដោយផ្ទាល់ពីការរស់នៅជាក់ស្តែងរបស់បងប្អូនមានពិការភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា ក៏បានចុះជួបសំណេះសំណាល ជាមួយជនពិការចាស់ជរានឹងកុមារពិការរស់នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ដែលកំពុងជួបការលំបាកខ្វះខាត នឹងបានផ្តល់រទះរុញរួមទាំងប្រាក់ឧបត្ថម្ភផងដែរ៕