(រតនគិរី)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខ តំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ៦២៣ និងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដោយបំពាក់ស័ក្តិចំនួន៧២នាក់ និងប្រកាសតួនាទី១៨នាក់។
ចូលរួមក្នុងអង្គពិធីខាងលើនេះដែរ ក៏មានលោក-លោកស្រីស្នងការរង, នាយការិយាល័យជំនាញ, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២៣, មេបញ្ជាការវរសេនាតូចយោធាការពារព្រំដែនលេខ២ និងអធិការនគរបាលស្រុកអូរយ៉ាដាវ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលដែលត្រូវប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិពេលនេះ គឺមន្ត្រីអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវចំនួន២០នាក់ ត្រូវបំពាក់ស័ក្តិចាប់ពីអនុសេនីយ៍ឯក ដល់ព្រិន្ទបាលឯក និងប្រកាសតួនាទី៦នាក់។
ចំណែកឯវរសេនាតូចនគរបាលការពារព្រំដែនលេខ៦២៣ចំនួន៥២នាក់ បំពាក់ឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ឯកដល់ព្រិន្ទបាលឯក និងប្រកាសតួនាទីចំនួន១២នាក់។
ថ្លែងក្នុងអង្គពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបញ្ជាក់ថា ការបំពាក់ស័ក្តិ និងប្រកាសតួនាទីថ្ងៃនេះ ជាការស្នើសុំរបស់អតីតលោកឧត្តមសេនីយ៍ទោ ងួន គឿង ស្នងការចូលនិវត្តន៍ ដល់អាណត្តិលោកទើបថ្នាក់លើសម្រេចឲ្យ។
លោកស្នងការបន្តថា ការបំពាក់ស័ក្តិ និងប្រកាសតួទី គឺសុទ្ធតែបុគ្គលមានស្នាដៃ, កម្លាំងត្រូវតែប្រកាន់ខ្ជាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋដោយអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល, ការពារអធិបតេយ្យទឹកដីជូនប្រទេសជាតិ, អនុវត្តវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦។
បន្ទាប់មក ដើម្បីត្រៀមរៀបចំអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ និងបង្ហាញពីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលក្រោមឱវាទ ដែលបានបំពេញការងាររយៈពេល១ឆ្នាំ។ ជាមួយគ្នានោះ ក៏បានរៀបចំបាយសាមគ្គីហើយពេលរាត្រី មានតន្ត្រីប្រគុំកំដរយ៉ាងសប្បាយរីករាយផងដែរ៕