(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរេ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីកិច្ចការ រក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលបំពេញការងារ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីកិច្ចការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែមីនា នៅទីស្នាក់ការ អង្គការសហប្រជាជាតិ ក្រោមអធិបតីភាព អគ្គលេខាធិការនៃអង្គការសងប្រជាជាតិ លោក អង់តូនីញូ ហ្គូតេរេ ។
នៅក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ នឹងបង្កើតសមត្ថភាពជំនាញចាំបាច់សម្រាប់ប្រតិបត្តិការ រក្សាសន្តិភាពនាពេលបច្ចុប្បន្ន ក៏ដូចជាឆ្លុះបញ្ជាំងពីកិច្ចប្រឹងប្រែង ពង្រឹងការងារតាមរយៈគំនិតផ្តួចផ្តើម និងសកម្មភាពសម្រាប់រក្សាសន្តិភាព៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ៖