(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៖៣០នាទី នៅវិមានរដ្ឋាភិបាល ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ស៊ូ វ៉េ អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានដឹកនាំកិច្ចប្រជុំផ្គូរផ្គងគម្រោងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន។

ក្នុងកិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួនចំនួន៥០ និងក្រុមហ៊ុនចិនចំនួន៥៩ ដើម្បីចូលរួមពិភាក្សាលើគម្រោងសហប្រតិបត្តិការ សមត្ថភាពផលិត និងការវិនិយោគ និងផ្លាស់ប្ដូរព័ត៌មានស្ដីពីកាលានុវត្តភាពវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឧកាសនៃកិច្ចប្រជុំនេះ លោក សុខ ចិន្ដាសោភា បានទទួលស្វាគមន៍គណៈប្រតិភូចិន និងបានជម្រាបជូនភាគីមិត្ត ពីគោលនយោបាយទាក់ទាញការវិនិយោគដែលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទីបួន និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងទិសដៅតភ្ជាប់សមត្ថភាពផលិតរបស់កម្ពុជា ស្របតាមគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគុណតម្លៃតំបន់ និងសកលលោក ពិសេសថ្ពក់វិស័យឧស្សាហកម្មកម្ពុជា ជាមួយគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានកំពុងយកចិត្តទុកដាក់ ពង្រឹងកិច្ចសហប្រតិបត្តិការនេះ៕