(តូក្យូ-ជប៉ុន)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានឯកភាពគ្នាជាមួយអង្គការ JITCO របស់ជប៉ុនរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ស្របតាមច្បាប់ថ្មីស្ដីពី «ពលករជំនាញ» ដែលទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រង និងការការពារផលប្រយោជន៍ពលករកម្ពុជា ស្របតាមច្បាប់នៃប្រទេសទាំងពីរ។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងជំនួបពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយតំណាងអង្គការ JITCO នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
កិច្ចពិភាក្សានេះផ្ដោតលើកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ទាក់ទងកម្មសិក្សាការីខ្មែរដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងទាក់ទងទៅនឹងច្បាប់ស្តីពី «ពលករជំនាញ» ដែលទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈការផ្សព្វផ្សាយអំពីច្បាប់ និងនីតិវិធីដល់ភ្នាក់ងារទាំងនៅជប៉ុន និងកម្ពុជា។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីស្របតាមច្បាប់ថ្មីខាងលើ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រង និងការការពារផលប្រយោជន៍ពលករកម្ពុជា ស្របតាមច្បាប់នៃប្រទេសទាំងពីរ៕