Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី ដឹកនាំមន្រ្តី ចុះស្វែងយល់អំពីវឌ្ឍភាពរបស់ខេត្តក្រចេះ

25-03-2019 16:36

(ក្រចេះ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានដឹកនាំសហការីចុះសិក្សាស្វែងយល់ពីវឌ្ឍនភាព ក៏ដូចជា បញ្ហាប្រឈមមួយចំនួន ទៅលើវិស័យទាំងបួន ដែលជាបន្ទុករបស់គណៈកម្មការនៅក្នុងទឹកដីខេត្តក្រចេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តក្រចេះ ដោយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ និងអង្គភាពពាក់ពន្ឋ័ចំនួន ៤មន្ទីរផង។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញរដ្ឋសភានោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បាននិងកំពុងធ្វើការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែប្រសើរឡើង ដើម្បីសំដៅផ្តល់នៅសេវាសាធារណៈ ប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពរដ្ឋឲ្យទាន់ពេលវេលា។

លោកលើកឡើងទៀតថា ខេត្តក៏ដូចជាមន្ទីរវិស័យទាំងបួន បានអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងចំណេះធ្វើឲ្យកាន់តែមានភាពល្អប្រសើរ ដោយអនុវត្តនៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណារំកិលសាលាឲ្យគៀក និងប្រជាពលរដ្ឋ។ ជាក់ស្តែង នៅក្នុងខេត្តក្រចេះ នាពេលបច្ចុប្បន្នមាន មតេ្តយ្យសិក្សា ៩០កន្លែង អនុវិទ្យាល័យ មាន ៥៣សាលា វិទ្យាល័យមាន ១១សាលា និងមានសកលវិទ្យាល័យរដ្ឋចំនួន ០១កន្លែង និងសាលាគរុកោសល្យ ០១កន្លែង គ្រឹស្ថានសិក្សាឯកជនសរុប០៤កន្លែង។

ចំពោះវិស័យទេសចរណ៍ នៅក្នុងខេត្តក្រចេះ មានតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន ១៧កន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់តែច្រើនដើម្បីបង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឲ្យកាន់តែល្អប្រសើរ។ ចំពោះវិស័យផ្សេងៗ មានដូចជា ធម្មការកិច្ចការសាសនា និងវប្បធម៌ ជាដើមនោះ លោក វ៉ា ថន បានគូសបញ្ជាក់ថា មន្ទីរជំនាញនានាជុំវិញខេត្តបាន ខិតខំប្រឹងប្រែងផ្តល់នៅសេវាសាធារណ ជូនប្រជាពលរដ្ឋឲ្យទាន់សភាពការណ៍ ជាមួយគុណភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរវិស័យទាំងបួន ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសង្គមជូនពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ។ លោកនបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពសង្គមជាផ្នែកមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍ ក្នុងនោះរួមមានការកសាងសមិទ្ធិផល អគារ ផ្លូវ ស្ពានថ្នល់ ហេដ្ឋា រចនាសម្ព័ន្ធ នានា មានការរីកដុះដាលជាបន្តបន្ទាប់៕