(ភ្នំពេញ)៖ លោកឪពុកអ្នកម្តាយរបស់និស្សិត អ៊ុំ ប៊ុនធឿន បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងក្រោយពេលការប្រឹងប្រែង ការលះបង់ និងការជម្នះឧបសគ្គបែបយ៉ាងរហូតទទួលបាននូវសមិទ្ធផលជាទីគាប់ចិត្ត គឺកូនបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានសញ្ញាបត្រដោយផ្ទាល់ដៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យុវជន អ៊ុំ ប៊ុនធឿន ជាយុវនិស្សិតមួយរូបក្នុងចំណោមនិស្សិតជាង ១ពាន់នាក់ផ្សេងទៀត មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលបានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រត្រូវបានធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
យុវជន អ៊ុំ ប៊ុនធឿន ជានិស្សិតឆ្នើមមួយរូបនៅក្នុងសាកលវិទ្យាល័យ ហើយរងគេក៏ទទួលបានឱកាសទទួលសញ្ញាបត្រដោយផ្ទាល់ដៃពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយការជម្នះផលលំបាក និងឧបសគ្គរាប់ពាន់ជំពូកចាប់តាំងពីថ្នាក់ទី១ រហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្ងៃទទួលសញ្ញាបត្រជាក្តីបំណងប្រាថ្នា និងជាការទន្ទឹងរង់ចាំសម្រាប់និស្សិតគ្រប់រូប។ ការបានទទួលសញ្ញាបត្រជារឿងរីករាយណាស់ទៅហើយសម្រាប់និស្សិតគ្រប់រូប តែក្តីរីករាយរបស់ ប៊ុនធឿន កាន់តែខ្លាំងក្លាថែមទៀត នៅពេលរូបគេទទួលបានអាហារូបករណ៍ពីសម្តេចតេជោសម្រាប់សិក្សា ហើយចុងក្រោយទទួលបានសញ្ញាបត្រដោយផ្ទាល់ដៃពីសម្តេចតេជោថែមទៀត។
«ខ្ញុំមានអារម្មណ៍រំភើបមែនទែនដោយសារថាការប្រឹងប្រែងក្នុងរយៈពេល១៦ឆ្នាំមកនេះទទួលបានលទ្ធផលជាផ្លែផ្កា។ ជាពិសេសចុងក្រោយនេះខ្ញុំទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាត្រូវបានចែកដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន។ សប្បាយមែនទែន ម្នាក់ៗតែងតែចង់បាននូវអ្វីដែលខ្លួនប៉ងប្រាថ្នានៅពេលរៀនចប់ថ្នាក់បរិញ្ញាបត្រនេះ។ ខ្ញុំសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់អាហារូបករណ៍ដល់ខ្ញុំបាទរៀនមិនគិតប្រាក់រយៈពេល៤ឆ្នាំ»។ យុវសិស្ស អ៊ុំ ប៊ុនធឿន បញ្ជាក់បន្ថែម។
ការបញ្ចប់ថ្នាក់បរិញ្ញាបត្រជារឿងសប្បាយរីករាយមួយទៅហើយសម្រាប់និស្សិត អ៊ុំ ប៊ុនធឿន តែលោកឪពុកអ្នកម្តាយរបស់ ប៊ុនធឿន រឹតសប្បាយខ្លាំងថែមទៀត។ សប្បាយខ្លាំងដ្បិតបំណងប្រាថ្នារបស់ពួកគាត់ចង់ឃើញមានពន្លឺជីវិតស្រស់ថ្លាតាមរយៈទទួលបានចំណេះដឹងនោះបានក្លាយទៅជាការពិត។
លោក អ៊ុំ ប៊ុនធី ឪពុករបស់ អ៊ុំ ប៊ុនធឿន បានលើកឡើងថា មិនមែនជាការងាយស្រួលនោះឡើយក្នុងការជំរុញកូនឲ្យសិក្សារៀនសូត្របានខ្ពស់សម្រាប់រូបលោកក្នុងឋានៈជាកសិករ និងជាមន្ត្រីរាជការមានជីវភាពមិនសូវជាធូរធា។ លោក ប៊ុនធី បានបញ្ជាក់ថា ដើម្បីឲ្យកូនបានសិក្សាខ្ពស់លោកត្រូវជម្នះផលលំបាកផ្សេងៗ ជាពិសេសការរកប្រាក់មកផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់កូនសិក្សារៀនសូត្រ។ បើតាមលោក ប៊ុនធី ពេលខ្លះលោកត្រូវបង្ខំចិត្តរត់ម៉ូតូឌុបបន្ថែម ដើម្បីរកប្រាក់មកផ្គត់ផ្គង់កូនរៀន និងបំពេញតម្រូវការរបស់គ្រួសារ។
លោក ប៊ុនធី បានបញ្ជាក់ដូច្នេះ «ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់សម្រាប់ថ្ងៃនេះ ដោយសារអ្វីដែលយើងខិតខំប្រឹងប្រែងពីមុនមកបានសម្រេចជោគជ័យ។ និយាយទៅមានការតស៊ូច្រើនណាស់ ក្នុងឋានៈជាកសិករម្នាក់ដែលពីមុនមកយើងប្រឹងប្រែងណាស់។ បន្ទាប់មកខ្ញុំបានចូលបម្រើការងារជាកងកម្លាំងប្រដាប់អាវុធយើងអត់បានទៅប្រកបរបររកស៊ីទទួលទានអ្វីធំទេ។ អ៊ីចឹងក្រៅពីការបំពេញការងារជាមន្ត្រីរាជការ ខ្ញុំក៏ឆ្លៀតរត់ម៉ូតូឌុបខ្លះ ដើម្បីផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូន»។
ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ យុវនិស្សិត ប៊ុនធឿន បានប្តេជ្ញាយកចំណេះជំនាញរបស់គេទៅបម្រើការងារកសាងអនាគតមួយដ៏ល្អប្រសើរ និងអាចជួយទ្រទ្រង់ដល់ក្រុមគ្រួសារជាការតបស្នងសងគុណចំពោះការប្រឹងប្រែងរបស់លោកឪពុកអ្នកម្តាយ។
និស្សិតរូបនេះ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាហារូបករណ៍ឲ្យរូបគេបានសិក្សារៀនសូត្រទទួលបានចំណេះដឹងខ្ពស់ជាពន្លឺនៃជីវិត។ យុវជនរូបនេះ ក៏បានសន្យាយកចំណេះជំនាញកើតចេញពីការសិក្សារៀនសូត្រនេះទៅរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែល្អប្រសើរផងដែរ៕