(ភ្នំពេញ)៖ ដើម្បីឲ្យបងប្អូនជនរងគ្រោះ ជនងាយរងគ្រោះ ចូលរួមអបអរសាទរទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសំណេះសំណាលផ្តល់អំណោយ និងពិសារនំបញ្ចុក ខណៈធ្វើសមាហរណកម្មជនរងគ្រោះ ជាមួយជនងាយរងគ្រោះ មុនត្រឡប់ទៅក្រុមគ្រួសារវិញ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ព្រមទាំងមានការចូលរួមពីអនុរដ្ឋលេខា, លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីការិយាល័យខណ្ឌទាំង១២ ផងដែរ។
នៅក្នុងឱកាសនោះ លោក វង សូត បានថ្លែងកោតសរសើរដល់ស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍមណ្ឌលអោយមានលក្ខណៈល្អប្រសើរ ដែលខុសប្លែក កាលពីលើកមុន។ លោករដ្ឋមន្ត្រីបន្តទៀតថា «ក្នងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងកោតសរសើរអាជ្ញាធររាជធានីភ្នំពេញ ពិសេសមន្ទីរសង្គមកិច្ចរាជធានី ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល ដែលមានភារកិច្ចចូលរួមចំណែកមើលការខុសត្រូវ លើបងប្អូនជនរងគ្រោះ ជនងាយរងគ្រោះ នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញទាំងអស់គ្នា។ ខ្ញុំកោតសូមកោតសរសើរដ៏ស្មោះ ដែលថ្នាក់ដឹកនាំមណ្ឌលគាត់បានខិតខំប្រឹងប្រែងកែប្រែរៀបចំមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យមានសោភ័ណ្ឌភាព អនាម័យ បរិស្ថានយ៉ាងល្អ និងត្រូវរួមគ្នាធ្វើការងារបម្រើសេវា ជូនបងប្អូនដែលឲ្យល្អប្រសើរឡើង ធ្វើយ៉ាងមិច ធ្វើឲ្យបងប្អូនមានជំនាញមុខរបរសម្រាប់ចិញ្ចឹមជីវិតគ្រួសារ នៅពេលដែលបងប្អូនចេញទៅរស់នៅក្នុងសហគមន៍វិញ»។
លោករដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្តដល់ជនងាយរងគ្រោះថា សូមបងប្អូន ពូ មីង ក្មួយៗ សូមកុំអស់សង្ឃឹម និងកុំបណ្តែតបណ្តោយឲ្យខ្លួនធ្លាក់ចូលផ្លូវណាដែលសង្គមយើងស្អប់ខ្ពើម គឺនៅមានរាជ រដ្ឋាភិបាល មានក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ឋជាច្រើន នៅជិតកៀក និងចាំជួយបងប្អូន ពូ មីង និងក្មួយៗជានិច្ច។ ដូច្នេះពូ មីង ក្មួយៗ ត្រូវថែរក្សាសុខភាពអោយរឹងមាំឡើង បើសុខភាពយើងរឹងមាំនោះ យើងមានឱកាសបានសុខសប្បាយជាមួយសង្គមយើងដែលកំពុងរីកលូតលាស់ជាលំដាប់នេះ។ មានន័យថា ក្មួយៗមិនត្រូវផ្តេកផ្តួល ទៅតាមកម្មផល ហើយមិនត្រូវគិតថា ខ្លួនឯងឯកោនោះឡើយ រាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗអ្នកមានឪពុក ម្តាយគ្រប់គ្រងអីចឹងដែរ។
ដោយមានការយកចិត្តទុកដាក់គិតគូរលើគ្រប់វិស័យពីរាជរដ្ឋាភិបាល ក្នុងនោះវិស័យសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា និងក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រទាំងក្របខណ្ឌបច្ចេកទេស និងសម្ភារផ្សេងៗ ដល់មណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺនេះ ធ្វើឲ្យមណ្ឌលមានលទ្ឋភាព ក្នុងការមើល ថែទាំជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសព្វថ្ងៃនេះ។ ជាក់ស្តែងថ្ងៃនេះ មជ្ឈមណ្ឌលបានធ្វើពិធីសមាហរណកម្ម ចំនួន ២០០នាក់ ដើម្បីវិលត្រឡប់ទៅកាន់លំនៅឋានក្រុមគ្រួសារ។
លោកស្រី មុំ ចាន់ដានី បានរាយការណ៍ជូនប្រតិភូអំពីទំនួលមើលថែទាំ និងសង្គ្រោះរបស់មណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មាននាទីសំខាន់ក្នុងការសង្គ្រោះដល់ជនរងគ្រោះ ជនងាយរងគ្រោះ ទុគតជន ជនអនាថា ជនវិបល្លាស្មារតី ជនពិការ ជនគ្មានទីពឹង ជនរងគ្រោះដោយសារធាតុញៀនវិបល្លាស ស្ត្រីរកស៊ីផ្លូវភេទ ស្ត្រីរងគ្រោះដោតអំពើជួញដូរផ្លូវភេទ ដែលបញ្ជូនមកពីបណ្តាខណ្ឌទាំង១២ ក្នុងរាជធានី។
លោកស្រីប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ ជនរងគ្រោះ ជនងាយរងគ្រោះទាំងនេះ បាននិងកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន ៦៩៣នាក់ ក្នុងនោះស្រីចំនួន ១៦១នាក់ ដោយគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ដើម្បីមើលថែទាំផ្តល់ការហូប ស្នាក់នៅ អប់រំ ស្តារនីតិសម្បទា សិក្សាស្វែងរកគ្រួសារ ដែលពួកគេធ្វើចំណាកស្រុកប្រថុយប្រថាន ធ្វើសកម្មភាពមុខរបរប្រកបដោយហានិភ័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
លោក ស្រី មុំ ចាន់ដានី បានបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរសង្គមកិច្ច តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាសស្ត្រីរងគ្រោះជាប្រចាំ។ ព្រោះថា ស្ថាប័នមួយនេះ ត្រូវតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោយអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៅពេលដែលពួកគាត់មានទុក្ខកង្វល់ មានជំងឺ ឫខ្វះស្បៀង និងជួបបញ្ហាដោយប្រការណាមួយ មន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយពួកគាត់ជារៀងរហូត ដែលទាំងអស់នេះ បញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តល់អំណោយជាច្រើនដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ រួមមាន៖ ថវិកា ៥០លានរៀល អង្ករ ២តោន ម្សៅសាប៊ូ ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអុីវ ១០យួរ ទឹកសុទ្ឋ១០កេស។ សម្រាប់ជនរងគ្រោះចំនួន ២០០នាក់ ទទួលបានមីយើង ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, មុង១ ភួយ១ ក្រមា១ កន្ទេរ ១ អង្ករ ១បាវ និងថវិកា ៣ម៉ឺនរៀល ព្រមទាំងសំពត់១ អាវស១ សម្រាប់ចាស់ៗ ២០នាក់ បុណ្យចូលឆ្នាំថ្មីជាតិខ្មែរខាងមុខនេះ។ ជាមួយគ្នានោះ សម្រាប់ជនរងគ្រោះ ចំនួន៧០៩នាក់ ដែលកំពុងស្នាក់នៅ ក្នុងមជ្ឍមណ្ឌល ទទួលបានមីយើង ទឹកក្រូច ទឹកសុទ្ធ និងថ្នាំ-ច្រាស់ដុសធ្មេញផងដែរ។ មិនតែប៉ុណ្ណោះសម្រាប់បុគ្គលិកមណ្ឌល ចំនួន ៦៤នាក់ និងមន្ត្រីមន្ទីរ ចំនួន ២៧នាក់ ក៏ទទួលបានអំណោយលោករដ្ឋមន្រ្តីនាពេលនេះ នូវថវិកាក្នុងម្នាក់ៗ ចំនួន ៤០.០០០រៀលផងដែរ។
បន្ទាប់ពីបញ្ចប់នូវការចូលរួមរាំលេងសប្បាយជាមួយបងប្អូនជនរងគ្រោះ នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ព្រៃស្ពឺរួចមក លោករដ្ឋមន្ត្រី អមដំណើរដោយមន្ត្រីជាច្រើនរូប បន្តចុះពិនិត្យការសាងសង់មណ្ឌលវិបល្លាស នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្នុងនោះលោករដ្ឋមន្ត្រី មានបំណងញែកចេញពីគ្នាសម្រាប់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកជនវិបល្លាសស្មារតីពីមជ្ឍមណ្ឌលព្រៃស្ពឺ ទៅដាក់នៅមជ្ឈមណ្ឌលនោះវិញ៕