(ភ្នំពេញ)៖ ក្នុងកម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំស្ដ្រី នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានលើកឡើងថា នៅប្រទេសកម្ពុជា មានសមទ្ធិផលជាវិជ្ជមានជាច្រើន នៃការចូលរួមរបស់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក្នុងពីរទស្សវត្សកន្លងមកនេះ ដែលកើតចេញពីការប្តេជ្ញាចិត្ត ផ្នែកនយោបាយកម្រិតខ្ពស់ និងការដាក់ចេញ និងអនុវត្តជាក់ស្តែងនូវវិធានការ ពិសេសជាច្រើន។

លោកស្រី អ៊ឹង កន្ថាផាវី បានបន្ថែមទៀតថា នៅថ្នាក់ជាតិ មានការកើនឡើងនូវសមាសភាពស្រ្តី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសមាជិករដ្ឋសភា។ ជាក់ស្តែង បើប្រៀបធៀបនៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ សមាជិករដ្ឋសភាជាស្ត្រី បានកើនឡើងពី៥.៨% ដល់ ២០% ស្ត្រីជារដ្ឋលេខាធិការ បានកើនពីសូន្យ ដល់៥០រូបអនុរដ្ឋលេខាធិការ បានកើនពី២រូប ទៅ៦៧រូប។

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបន្ដថា នៅគ្រប់ក្រសួង ស្ថាប័ន មានស្ត្រីយ៉ាងតិចមួយរូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ មានស្ត្រី១រូប ជាឧបនាយករដ្ឋមន្ត្រី។ ហើយចំនួនស្ត្រី ជាមន្ត្រីរាជការ បានកើនឡើង ពី៣២% (នៅឆ្នាំ២០០៧) ដល់៤១% នៅឆ្នាំ២០១៨។

លោករដ្ឋមន្ដ្រី បានលើកឡើងថា ចំណុចជាវិជ្ជមានមួយទៀត គឺនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានស្តី្រយ៉ាងតិច១រូប ជាអភិបាលរង (បច្ចុប្បន្ន១៧% នៃអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត និង២៦% នៃអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌជាស្ត្រី។

លោកស្រីថា «នៅក្នុងវឌ្ឍនភាពទាំងនេះ យើងនៅមានចំណុចមួយចំនួនទៀត ដែលត្រូវខិតខំបន្ថែមទៀត ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រ ក្នុងអង្គនីតិប្រតិបត្តិ និងបញ្ញាតិ នៅកម្ពុជា»។ បញ្ហាប្រឈមចម្បងៗរួមមាន៖ ផ្នត់គំនិតយេនឌ័រ ដែលត្រូវការពេលវេលា ក្នុងការផ្លាស់ប្តូរ, កម្រិតនៃទំនុកចិត្តនិងលទ្ធភាពរបស់ស្ត្រី នៅក្នុងបរិយាកាស ការងារដែលមានបុរសច្រើន និងកម្រិតនៃការគាំទ្រពីសមាជិកគ្រយសារ សហគមន៍, គណបក្សនយោបាយ និងកន្លែងធ្វើការងាររបស់ស្ត្រី»។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំស្ត្រី ខាងលើនេះ ត្រូវបានរៀបចំធ្វើឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងកិច្ចការនារី ដែលមានការចូលរួម ពីថ្នាក់ដឹកនាំជាស្ដ្រី ចំនួន២៦រូប និងមកពីក្រសួង ស្ថាប័ន ចំនួន១៨។ កម្មវិធីនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles le Royal រាជធានីភ្នំពេញ។

កម្មវិធីនេះ ដំណើរការ ជាភាសាអង់គ្លេស និងចែកចេញជាពីរដំណាក់កាល។

ដំណាក់កាលទីមួយ៖ វគ្គ ចំនួន២ថ្ងៃកន្លះ (២៥-២៧ មីនា) ស្តីពី «ស្ដីនិងភាពជាអ្នកដឹកនាំ៖ គឺជាកត្តាជំរុញ សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន» ដែលអ្នកចូលរួមជាថ្នាក់ដឹកនាំស្តី (អនុប្រធាន នាយកដ្ឋាន ប្រធាននាយកដ្ឋាន អគ្គនាយករង អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ) ចំនួន២៦នាក់។ ដំណាក់កាលទីពីរ៖ វគ្គគ្របង្គោល ចំនួន៤ថ្ងៃ (២៥ -២៨ មីនា) ដែលអ្នកចូលរួម ចំនួន៨នាក់។

គោលដៅនៃកម្មវិធីនេះរួមមាន៖

* បង្ហាញនូវភាពពាក់ព័ន្ធរវាងភាពជាអ្នកដឹកនាំរបស់ស្ត្រី គម្លាតយេនឌ័រ និងការរីកចម្រើនប្រកបដោយបរិយាបន្ទ័ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច
* ផ្តល់ដល់សិក្ខាកាម នូវជំនាញសម្រាប់ការទំនាក់ទំនង ការចរចា និងការកសាងបណ្តាញ ដើម្បីមានឥទ្ធិពលទៅលើការធ្វើសេចក្តីសម្រេច
* ផ្តល់ឱកាសសម្រាប់ការឆ្លុះបញ្ចាំងលើខ្លួនឯង និងការផ្លាស់ប្តូរយោបល់ ជាមួយមិត្តរួមក្រុម ស្តីពីដំណើរឆ្ពោះទៅកាន់តួនាទីជាអ្នកដឹកនាំ
* សិក្ខាកាម នឹងបានស្តាប់នូវការចែករំលែកបទពិសោធន៍ការងារ របស់ស្តីជាអ្នកដឹកនាំ ក្រសួង ស្ថាប័ន និងវិស័យឯកជន៕