(ព្រះវិហារ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញ និងលើកទឹកចិត្ដ ដល់មន្រ្ដីបុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្ដពង្រឹងគុណភាព សេវាសុខាភិបាលសាធារណៈ ឱ្យកាន់តែមានទំនុចិត្ដពីប្រជាជន ដើម្បីចៀសវាងការប្រើប្រាស់សេវា ដែលមិនមានគុណភាព និងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ និងខាតបង់ថវិកា ឥតប្រយោជន៍។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំមន្ដ្រីក្រុមការងារ ញ្ជើញបើកសន្និបាតការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំដ៏រឹងមាំ សម្ដេចបានយកចិត្ដទុកដាក់ លើវិស័យសុខាភិបាល ជាពិសេសសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់បៀវត្សជូនមន្ដ្រីរាជការ ក្នុងគោលបំណងធ្វើយ៉ាងណាសំដៅបង្កើនគុណភាព ប្រសិទ្ធភាព ប្រសិទ្ធិផលនៃសេវាសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប អាចមាននលទ្ធភាពចូលមកប្រើប្រាស់សេវារបស់មាតា ទារក និងកុមារ កាត់បន្ថយអាត្រាឈឺ និងស្លាប់ដោយជំងឺឆ្លង និងកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ដើម្បីរួចចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យរីកចម្រើន ដូចបណ្ដាប្រទេសជឿនលឿន នៅលើពិភពលោក ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្រសួងសុខាភិបាលតែឯងពិតណាស់ថា មិនអាចសម្រេចគោលដៅទាំងនេះបានទេ បើគ្មានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់សេវា តាមរយៈខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជួយបង្កើនគុណភាពសេវា ការពង្រឹងជំនាញបច្ចេកទេសដែលនាំទៅផ្លាស់ប្ដូរ ឥរិយាបថរបស់អ្នកផ្ដល់សេវាជាវិជ្ជមាន និងការជួយអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការថែទាំសុខភាព ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងលើកទឹកចិត្ដ ដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវចេះរួបរួមសាមគ្គីគ្នា បន្ដអភិវឌ្ឍវិស័យសុខាភិបាល ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្នុងឱកាសនោះ លោកសាស្ដា្រចារ្យ ក៏បានថ្លែងកោតសរសើរ ដល់បុគ្គលិកសុខាភិបាល នៅខេត្ដព្រះវិហារ ដែលចេះសហការគ្នា ធ្វើការងារប្រកបដោយការយកចិត្ដទុកដាក់ និងប្រតិបត្ដិខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ទាំងនៅតាមមន្ទីរពទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមតំបន់ទីដាច់ស្រយាល។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ដព្រះវិហារ ក៏បានបង្ហាញពីសមិទ្ធផលការងារ សុខាភិបាលខេត្ដឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ចំនួន៧ចំណុចរួមមាន៖
១៖ ពង្រឹងលទ្ធភាពឱ្យប្រជាពលរដ្ឋ ទទួលបាននូវការប្រើប្រាស់សេវាអប់រំ លើកកម្ពស់សុខភាព សេវាបង្ការ ការព្យាបាល និងថែទាំស្ដារនីតិសម្បទា ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងដោយសមធម៌ ។
២៖ ពង្រឹងការយកចិត្ដទុកដាក់ ដល់ការប្រតិបត្ដិគោលនយោបាយគាំពារសង្គម របស់រាជដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋក្រីក្រ កម្មករ/និយោជិត ក្នុងប្រព័ន្ធនិងក្រៅ មន្ដ្រីសាធារណៈ អតីតមន្ដ្រីរាជការ កម្មករត្រីចក្រយាន្ដ និងប្រតិបត្ដិករដោះមីន ។
៣៖ ពង្រឹង និងជំរុញ ការបណ្ដុះបណ្ដាលដោយផ្អែកលើសមត្ថភាព ជំនាញនិងសីលធម៌វិជ្ជាជីវៈ ។
៤៖ ធ្វើការបែងចែកបុគ្គលិក ទីតាមតំរូវការពិត របស់មូលដ្ឋានសុខាភិបាលនីមួយៗ ព្រមទាំងការផ្ដល់ការលើកទឹកចិត្ដសមស្រប ។
៥៖ ពង្រឹងការគ្រប់គ្រងព័ត៌មាន វិទ្យាសាស្ដ្រសុខាភិបាល និងការប្រើប្រាស់ព័ត៌មាន ដើម្បីពង្រីកការគ្រប់គ្រងសេវា និងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺ ការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាព និងលើកកម្ពស់លើការស្រាវជ្រាវផ្នែកសុខាភិបាល ។
៦៖ ពង្រឹងការគ្រប់គ្រងឱសថ បរិក្ខារ ធនធាននានា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ
៧៖ ការពង្រីកបន្ថែមនូវមូលដ្ឋានសុខាភិបាល ស្របតាមផ្នែក ការគ្រប់គ្រងដណ្ដប់របស់មន្ទីរសុខាភិបាល៕