(វៀតណាម)៖ តាងនាមសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភាកម្ពុជា បានអញ្ជើញលោកស្រី ង្វៀន ធិគិមងិន ប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ សភាអាស៉ី-អឺរ៉ុប (ASEP) ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ ខាងមុខនេះ។
ការអញ្ជើញរបស់រដ្ឋសភាកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកស្រី ឃួន សុដារី ចូលជួបធ្វើសវនការ និងសម្តែងការគួរសមជាមួយលោកស្រី ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) កំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងឱកាសនោះដែរ លោកស្រី ឃួន សុដារី បាននាំនូវបណ្តាំសាកសួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា ពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនប្រធាន ប្រធានរដ្ឋ នាយករដ្ឋមន្រ្តី និងប្រជាជនវៀតណាមទាំងអស់។
លោកស្រី ក៏បានជម្រាបជូនអំពីគោលបំណង នៃដំណើរទស្សនកិច្ចនាពេលនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-វៀតណាម, ផ្លាស់ប្តូរបទពិសោធន៍ផ្នែកនយោបាយការបរទេសសភា, ទទួលបទពិសោធន៍ក្នុងការរៀបចំប្រជុំអាសិប និងអាសិម (ASEP,ASEM) ដែលប្រទេសវៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះទទួលជោគជ័យកន្លងមក និងចង់ស្វែងយល់ដោយផ្ទាល់ ពីសន្ទុះរីកចំរើនដោយឥតឈប់ឈរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រជាជនសម្រេចបាន ជាពិសេសបន្តរឹតចំណងមិត្តភាព ពង្រឹងសាមគ្គីភាព ភាតរៈភាព និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជាប្រពៃណីរវាងប្រជាជាតិទាំងពីរឲ្យបានគង់វង្ស រឹងមាំជាអមតៈ នឹងប្រែក្លាយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត។
លោកស្រី ឃួន សុដារី បានលើកឡើងទៀតថា ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងជាប្រពៃណីរវាងកម្ពុជា-វៀតណាម ត្រូវបានពង្រឹងពង្រីកយ៉ាងរឹងមាំឡើងថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចផ្លូវរដ្ឋរវាងសភា នៃប្រទេសទាំងពីរ។
ព្រមជាមួយគ្នានេះផងដែរ លោកស្រី ង្វៀន ធិគិមងិន បានសម្តែងនូវចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានទទួលគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ក៏ដូចជាអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសាមិទ្ធផលដែលជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា មានជាអាទិ៍ដំណើរការបោះឆ្នោតសាកលឆ្នាំ ២០១៨ និងកិច្ចប្រជុំ APPF កាលពីដើមឆ្នាំ ២០១៩។
លោកស្រីប្រធានរដ្ឋសភាវៀតណាម បានបន្តថា កម្ពុជា-វៀតណាម ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដូច្នេះត្រូវខំរក្សា ធ្វើយ៉ាងណាឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ លើគ្រប់វិស័យ ឈានទៅរកការអភិវឌ្ឍរីកចម្រើនក្នុងប្រទេសនីមួយៗ ដែលរដ្ឋសភានៃប្រទេសទាំងពីរ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
លើសពីនេះ លោកស្រី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោកស្រីប្រធានរដ្ឋសភាវៀតណាម បានផ្តល់កិត្តិយសអញ្ជើញចូលរួម និងផ្តល់នូវសុន្ទរកថា នៅក្នុងកិច្ចប្រជុំសភាស្រ្តី ដែលប្រព្រឹត្តជាលើកដំបូង និងជាប្រវត្តិសាស្រ្តនៅក្នុងកិច្ចប្រជុំ APPF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនោះ។
ជាទីមោទនៈភាពបន្ថែមទៅទៀតនោះ គឺការអញ្ជើញទៅទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អមដំណើរដោយថ្នាក់ដឹកនាំកំពូលៗនៃសភា និងរដ្ឋាភិបាលវៀតណាម កាលពីខែកុម្ភៈ កន្លងទៅថ្មីៗនេះ ហើយដែលប្រទេសកម្ពុជា ជាប្រទេសទី១ ដែលលោក ង្វៀន ភូជុង បំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់តាំងពីឡើងកាន់ដំណែង ជាប្រធានរដ្ឋរបស់ប្រទេសវៀតណាម៕