(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដឹកនាំ អង្គប្រជុំរបស់គណៈកម្មាការ សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ និងមានការចូលរួមពី លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត។
ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានផ្តោតជាសំខាន់លើការគ្រប់គ្រង និងរៀបចំបែងចែកដីសម្បទានសង្គមកិច្ចរដ្ឋ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ជូនដល់សមាជិកអតីតយុទ្ធជន ដែលខ្វះខាតឲ្យបានទាន់ពេលវេលា ដោយសុំឲ្យមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រៀបចំកំណត់ឡូតិ៍ដើម្បីចាប់ឆ្នោត។
ទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្នុងមួយឡូតិ៍ (ដីភូមិ ៣០ម៉ែត្រ គុណ៤០ម៉ែត្រ) ហើយមន្ទីរសាធារណការដឹកជញ្ជូន ត្រូវសហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទ ធ្វើការឈូសឆាយកែសម្រួលផ្លូវក្នុងភូមិ រួចហើយត្រូវចលនាសប្បុរសជន និងក្រុមហ៊ុនដែលរកស៊ីនៅក្នុងខេត្តឲ្យជួយធ្វើផ្ទះជូនបងប្អូន។
ទន្ទឹមនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ រកឲ្យឃើញចំពោះអ្នកអត់ដីអត់ផ្ទះពិតប្រាកដ។ ដោយឡែក ចំពោះបងប្អូនទ័លក្រ និងអ្នករស់នៅលើដីសាធារណៈ ទាំង៧៨គ្រួសារ នេះបើពួកគាត់ព្រមទៅនៅទីនោះ យើងផ្ដល់អាទិភាពជូនពួកគាត់មុន។
ក្នុងស្មារតីយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខអតីតយុទ្ធជន លោក យន្ដ មីន ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត បានប្តេជ្ញាខិតខំអនុវត្តឲ្យបានជោគជ័យ សមទៅនិងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕