(សៀមរាប)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រារព្ធពិធីប្រគល់មួកសុវត្ថិភាព ដល់សិស្សានុសិស្សប្រមាណ ៩៦នាក់ នៅសាលាបឋមសិក្សាភូមិអូរ ស្ថិតក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
នៅក្នុងពិធីនេះ ក៏មានការបង្រៀនដល់សិស្សានុសិស្ស និងការពិភាក្សាជាមួយមាតាបិតា អាណាព្យាបាលសិស្សពីសារសំខាន់ នៃការគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពចរាចរណ៍នៅរាល់ពេលធ្វើដំណើរ។ កិច្ចខិតខំប្រឹងប្រែងនេះ កើតមានឡើងចំពេលវេលាដ៏មានសារសំខាន់ សម្រាប់ការងារសុវត្ថិភាពចរាចរណ៍ នៅក្នុងប្រទសកម្ពុជា គឺការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខ ហើយដែលជាទូទៅគ្រោះថ្នាក់ចរាចរណ៍តែងកើតមានក្នុងតួលេខខ្ពស់។
ក្នុងពិធីនេះ ក៏មានការចូលរួមពី តំណាងក្រុមអ្នកជិះម៉ូតូធុនធំ Siem Reap Bike Meet ក្នុង ខេត្តសៀមរាប លោកប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្វើយ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ អង្គការមូលនិធិបង្ការរបួសអាស៊ី សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស។
ក្រៅពីថ្លែងអំណរគុណដល់ក្រុមអ្នកជិះម៉ូតូធុនធំ Siem Reap Bike Meet ដែលបានផ្តល់ការគាំទ្រដល់កម្មវិធីផ្តល់អំណោយមួកសុវត្ថិភាព និងការអប់រំអំពី សុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានពន្យល់អំពីវិធានការឆ្លើយតបនឹងបញ្ហា គ្រោះថ្នាក់ចរាចរណ៍ដោយឈរលើទស្សនៈ (ប្រភព) ទឹកដែលនៅជិតពន្លត់ភ្លើងបានរហ័ស និងមានប្រសិទ្ធិភាពខ្ពស់ជាង។
លោកបានធ្វើការប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធនឹងអ្នកជិះម៉ូតូ (រួមទាំងកុមារ) ដែលមិនពាក់មួកសុវត្ថិភាពទៅនឹងភ្លើង ដែលកំពុង ឬអាចឆក់យកជីវិតមនុស្ស នៅលើដងផ្លូវ ជាពិសេសកុមារដែលជាទ្រព្យដ៏មានតម្លៃរបស់គ្រួសារនីមួយៗ និងជាអនាគតទំពាំងស្នងឬស្សី ហើយដែលគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារតែការធ្វេសប្រហែស ឬមិនយកចិត្តទុកដាក់របស់ខ្លួនយើងចំពោះវិធានសុវត្ថិភាពនានា។
ដូច្នេះដើម្បីការពារទ្រព្យដ៏មានតម្លៃរបស់សង្គមជាតិ និងគ្រួសារកម្ពុជា លោកបានស្នើដល់គណៈគ្រប់គ្រងសាលា មាតាបិតា ឬអាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីឲ្យប្រើប្រាស់នូវ (ប្រភព) ទឹកដែលនៅជិត (វិធានសុវត្ថិភាពចរាចរណ៍នានា) ដើម្បីពន្លត់ភ្លើងដ៏មហន្តរាយនេះ ប្រកបដោយប្រសិទ្ធិភាព និងបានឆាប់រហ័ស ដោយមិនត្រូវរំពឹងលើតែវិធានការ ដែលនឹងអនុវត្តដោយអាជ្ញាធរ ឬអង្គការសង្គមស៊ីវិល/វិស័យឯកជននៅថ្នាក់ជាតិ ឬថ្នាក់ខេត្ត។
ក្នុងន័យនេះ លោកបានស្នើឲ្យមាតាបិតា ឬអាណាព្យាបាលសិស្សត្រូវធ្វើជាគំរូល្អ និងក្រើនរំលឹកឲ្យបានជាប់ជាប្រចាំដល់កូនៗរបស់ខ្លួន ប្រកាន់យកឥរិយាបទ សុវត្ថិភាពរាល់ពេលធ្វើដំណើរ ជាពិសេសនៅពេលទៅមកសាលារៀន និងត្រូវទិញ/ផ្តល់ មួកសុវត្ថិភាពឲ្យកូនៗរបស់ខ្លួនពាក់រាល់ពេលធ្វើដំណើរតាមម៉ូតូ ទោះទៅទីជិត ឬឆ្ងាយ។
ដោយឡែក គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូត្រូវធ្វើការអប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្សតាមកម្មវិធីសិក្សា និងឲ្យបានញឹកញាប់ ព្រមទាំងពិនិត្យលទ្ធភាពកៀរគរពី វិស័យឯកជនក្នុងឃុំ និងស្រុករបស់ខ្លួនឲ្យផ្តល់ការគាំទ្រ ដល់សកម្មភាពសុវត្ថិភាពចរាចរណ៍ ជាពិសេសការផ្តល់ជាមួកសុវត្ថិភាព សម្រាប់សិស្សានុសិស្សដែលធ្វើដំណើរតាមម៉ូតូ និងកង់។
ក្នុងករណីចាំបាច់ សាលាអាចពិភាក្សាជាមួយអាជ្ញាធរឃុំ ដើម្បីស្នើសុំការគាំទ្រពីក្រុមការងារចុះជួយមូលដ្ឋានក្នុងឃុំរបស់ខ្លួន ឲ្យពិនិត្យលទ្ធភាព ក្នុងការកៀងគរធនធាន សម្រាប់គាំទ្រដល់សកម្មភាពសុវត្ថិភាពចរាចរណ៍ ជាពិសេសការផ្តល់ជាមួកសុវត្ថិភាពសម្រាប់សិស្សានុសិស្សឲ្យបានគ្រប់ៗគ្នា ដើម្បីការពារធនធានដ៏សំខាន់ ក្នុងគ្រួសាររបស់ពលរដ្ឋ និងសហគមន៍ដែលក្រុមការងារនេះទទួលបន្ទុកជួយគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន។
លោក Dean McLachlan អ្នកនាំពាក្យសម្រាប់ក្រុមអ្នកជិះម៉ូតូធុនធំ ដែលផ្តួចផ្តើមឲ្យមានកម្មវិធី Siem Reap Bike Meet ដើម្បីរៃអង្គាសថវិកា សម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាព និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ បានឲ្យដឹងថា «ក្រៅពីការជិះម៉ូតូ យើងបានយកចិត្តទុកដាក់លើការអប់រំ អំពីសុវត្ថិភាពចរាចរណ៍ សុវត្ថិភាពរបស់អ្នកបើកបរ និងការជំរុញឲ្យមានសហគមន៍អ្នកជិះម៉ូតូ ធុនធំប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរួមចំណែក ក្នុងសង្គម»។
លោកបានបញ្ជាក់បន្ថែមថា «យើងមានមោទនភាពដែលអាចចែករំលែកនូវសារនេះ និងប្រកាសផ្តើមសកម្មភាព មួកសុវត្ថិភាពសម្រាប់កុមារ។ ព្រឹត្តិការណ៍នេះ អាចប្រព្រឹត្តិទៅបានដោយសារតែការចូលរួមប្រកបដោយទឹកចិត្តសប្បុរសធម៌របស់សហគមន៍ អ្នកជិះម៉ូតូធុនធំក្នុងស្រុក និងភាពជាដៃគូរបស់យើង ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី»។
ជាមួយគ្នានេះ លោក សាយ សែត នាយកសាលាបឋមសិក្សា ភូមិអូរ បានលើកឡើងថា ការផ្តល់អំណោយមួកសុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សនាពេលនេះ ពិ តជាមានសារសំខាន់ក្រៃលែងសម្រាប់ការពារ ដល់សិស្សានុសិស្សពីការរងរបួសក្បាលធ្ងន់ធ្ងរ ដែលអាចនាំឲ្យ ស្លាប់នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ ។
លោកបានបន្ថែមទៀតថា «យើងប្តេជ្ញាចិត្តក្នុងការបំពេញការងារ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស និងដៃគូពាក់ព័ន្ធដើម្បីជំរុញឲ្យការពាក់មួកសុវត្ថិភាព ក្លាយជាការចាំបាច់មួយរបស់សិស្សានុសិស្សនៅពេលដែលពួកគេធ្វើដំណើរទៅមកសាលារៀន»។
សូមបញ្ជាក់ថា សាលាបឋមសិក្សាភូមិអូរ ត្រូវបានជ្រើសរើសសម្រាប់ការផ្តល់អំណោយមួកសុវត្ថិភាព ដោយសាលារៀនមួយនេះ មានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ ៦ គឺជាផ្លូវជាតិមួយក្នុងចំណោមបណ្តាផ្លូវជាតិដទៃទៀត ដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ក្នុងមួយឆ្នាំៗ។ ក្នុងឆ្នាំសិក្សាកន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងហោចណាស់ ៣ករណី ដែលបានកើតឡើងចំពោះសិស្សានុសិស្ស នៅសាលាបឋមសិក្សាមួយនេះ៕