(កោះកុង)៖ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកោះកុង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរបង្អែកខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានបើយុទ្ធនាការចុះបាញ់ថ្នាំបំបាត់ជម្រកមូសខ្លា ដែលបង្កឱ្យមានការកើតជំងឺគ្រុនឈាម ដែលផ្ទុះឡើងកាលពី ខែកុម្ភៈ ឆ្នាំ២០១៩ ទៅលើកុមារ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានថ្លែងថា សេវាព្យាបាលក្នុងមន្ទីរបង្អែកខេត្តកោះកុងឃើញថា ជំងឺគ្រុនឈាមមានការផ្ទុះឡើង។ ជាក់ស្តែង នៅក្នុងខែកុម្ភៈកន្លងទៅ ជំងឺគ្រុនឈាមលើកុមារ មានចំនួនរហូតដល់ ៣៣នាក់ ដែលមកពីតំបន់ផ្សេងៗ ហើយមានការកើនឡើងច្រើន ហើយការព្យាបាលចំពោះក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទៅកុមារគឺមានការយកចិត្តទុកដាក់ខ្ពស់ ពុំមានកុមារណាម្នាក់មានបញ្ហានោះទេ ព្រោះក្រុមគ្រូពេទ្យបានព្យាបាលជា ១០០ភាគរយនៅក្នុងមន្ទីរពេទ្យ។

លោកបានបញ្ជាក់ថា ក្នុងអំឡុង ខែមីនា ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមលើកុមារមានការថយចុះ ព្រោះប្រជាពលរដ្ឋ បានយល់ដឹងច្រើន បើប្រៀបធៀបនឹង១០ឆ្នាំមុន ព្រោះគាត់មានផ្នត់គំនិត ការយល់ដឹងច្រើន គាត់អាចដឹងពីរោគសញ្ញា ហើយនៅពេលដែលដឹងថា មានជំងឺគ្រុនឈាមឪពុក ម្តាយ តែងតែបានបញ្ជូនកូនមកមន្ទីរពេទ្យភ្លាមៗ ដើម្បីឲ្យគ្រូពេទ្យ ធ្វើតេស្ត រកមេរោគដើម្បីព្យាបាលភ្លាមៗ ដែលជាក់ស្តែងសព្វថ្ងៃនេះមានមន្ទីរពិសោធន៍ អាចរកមេរោគគ្រុមឈាមឃើញភ្លាមៗផងដែរ។

លោកបានបន្ថែថា ចំពោះជំងឺគ្រុនឈាមក្នុងខែនេះ មានការថយចុះច្រើន ដោយពលរដ្ឋមានវិធានការការពារខ្ពស់ លុបបំបាត់ទឹកដក់ និងគេងក្នុងម៉ុងសុវត្តិភាពឱ្យកូនៗ ពាក់អាវខោជើងវែងៗ ព្រោះជំងឺគ្រុនឈាមកើតមកពីមូសខ្លាខាំ ក្នុងពេលម៉ោង៦ល្ងាច។ លោកក៏អំពាវនាវដល់បងប្អូនទូទាំងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខភាពគ្រួសារ និងកុមារ ពិសេសត្រូវចេះធ្វើអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាន គេងដាក់មុងឱ្យត្រឹមត្រូវដើម្បីកុំឱ្យមូសខាំ ហើយបើបងប្អូនមានលក្ខណៈសង្ស័យចំពោះសុខភាពកូន ដែលខុសពីភាពប្រក្រតី ត្រូវបញ្ជូនមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងដែរថា ក្រោយបើកយុទ្ធធនាការបាញ់ថ្នាំកំចាត់ជម្រកសត្វម៉ូសឃើញថា ជំងឺគ្រុនឈាមទៅកុមារ មានការថយចុះបានជាលំដាប់ បើតាមរបាយការណ៍ ពីមន្ទីរពេទ្យបង្អែកថា ក្នុងខេត្តកោះកុងជំងឺគ្រុនឈាម មានការថយចុះហើយ តែទោះមានថយចុះយ៉ាងនេះក្តី លោកបានដាក់បញ្ញាត្តិ ឱ្យមន្ត្រីមន្ទីរសុខាភិបាល ចុះប្រតិបត្តិការបាញ់ថ្នាំបង្ការ ដើម្បីបំបាត់ជម្រកមូសខ្លា មិនឱ្យមានជំងឺគ្រុនឈាមរីករាលដាលបន្តទៀត ហើយគោលដៅចុះប្រតិបត្តិការនេះ បានធ្វើឡើងនៅភូមិ៤សង្កាត់ដងទង់ ក្រុខេមរភូមិន្ទ ខេត្តកោះកុង។ ទន្ទឹមនឹងនេះលោកសូមឱ្យប្រជាពលរដ្ឋចូលរួមបំបាត់ជម្រកមូសខ្លាទាំងអស់គ្នាផងដែរ៕