(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយស្រុកចន្រ្ទា ក្រុងបាវិត បានថ្លែងថា ក្រុមការងារយុវជន របស់គណបក្សប្រជាជន បានខិតខំរៀនសូត្រតស៊ូគ្រប់បែបយ៉ាង រហូតទទួលបានការងារធ្វើគ្រប់ស្ថាប័នរដ្ឋ និងបានបំពេញភារកិច្ចជូនជាតិបានមួយចំនួនហើយ និងមួយចំនួនទៀត ត្រូវខិតខំរៀនសូត្របន្តទៀត ត្រូវរៀនឲ្យចប់បរិញ្ញាបត្រ និងឧត្តមសិក្សាដើម្បីឈានទៅសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុង និងក្រុមការងារយុវជនរបស់គណបក្សស្រុកចន្រ្ទា និងក្រុងបាវិត នៅទីស្នាក់ការគណបក្សស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកចន្រ្ទា និងក្រុងបាវិត ក្រុមការងារគណបក្សខេត្ត លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក ក្នុងស្រុកចន្រ្ទា និងក្រុងបាវិតជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើង អំពីការលំបាករបស់ប្រជាពលរដ្ឋក្នុងសម័យ ប៉ុល ពត និងក្រោយរំដោះថ្ងៃ ៧មករា ១៩៧៩ និងការតស៊ូយ៉ាងលំបាក ពុះពាគ្រប់បែបយ៉ាង រំដោះប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជាទំរាំមានការរីកចម្រើនដូចសព្វថ្ងៃ។

លោកបានបន្ថែមថា ក្រុមការងារយុវជនរបស់គណបក្សយើង បានខិតខំរៀនសូត្រតស៊ូគ្រប់បែបយ៉ាង ទទួលបានការងារធ្វើគ្រប់ស្ថាប័នរដ្ឋ និងបានបំពេញភារកិច្ចជូនជាតិ និងមួយចំនួនទៀត ត្រូវខិតខំរៀនសូត្របន្តទៀត ដើម្បីរៀនឲ្យចប់បរិញ្ញាបត្រ និងឧត្តមសិក្សាឈានទៅសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលនេះលោក ម៉ឹង សំផន បាននាំថវិកា និងសម្ភារចែកជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងស្រុក ចំនួន៦១នាក់ ម្នាក់ៗទទួលបានអាវផ្ទៃមេឃ ដៃវែង០១ ក្រុមការងារយុវជនគណបក្សស្រុក ក្រុង ឃុំ សង្កាត់ ចំនួន២១២នាក់ ម្នាក់ៗទទួលបាន អាវយឺតក្រុមការងារយុវជនស្រុកចន្រ្ទា ក្រុងបាវិត១ និងអាវយឺត ស.ស.យ.ក ១ និងថវិកា ២០,០០០រៀល៕