(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា បន្តខិតខំប្រមូល កុមារ និងយុវជន ឲ្យមកទទួលសេវាអប់រំ ឬការបណ្តុះបណ្តាលជំនាញខ្លីៗ ប្រកបដោយសមធម៌ និងគ្មានការរើសអើង។
ការស្នើរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមបើកសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។ សន្និបាតនេះ រៀបចំធ្វើឡើង រយៈពេល០៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា គួរបន្តខិតខំប្រមូលកុមារ ដល់វ័យសិក្សា កុមារលើស អាយុសិក្សា កុមារ និងយុវជនបោះបង់ការសិក្សា និងនៅក្រៅសាលារៀន មកទទួលសេវាអប់រំ ឬការបណ្តុះបណ្តាលជំនាញខ្លីៗ ប្រកបដោយសមធម៌ និងគ្មានការរើសអើង ជាពិសេសការបំពាក់បំប៉នជំនាញ តាមគោលនយោបាយ យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា វិស័យអប់រំកាយ និងកីឡា គួរបន្តខិតខំរៀបចំកីឡដ្ឋាន និងលើកកម្ពស់ការអនុវត្ត កម្មវិធីអប់រំកាយ និងការហ្វឹកហាត់កីឡា នៅតាមគ្រឹះស្ថានសិក្សានានា និងជំរុញការប្រកួតកីឡា សិស្ស-និស្សិត និងកីឡាមហាជន ឲ្យបានទូលំទូលាយនិងជាប្រចាំ។
ជាមួយគ្នានេះដែរ គួរផ្តោតលើការត្រៀមខ្លួន ឲ្យបានល្អរបស់កីឡាករជម្រើសជាតិ ក្នុងការប្រកួតថ្នាក់តំបន់ និងពិភពលោក និងជាពិសេសការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សន្និបាតអប់រំ រយៈពេល៣ថ្ងៃនេះ នឹងផ្តោតការយកចិត្តទុកដាក់ ជាសំខាន់លើការអនុវត្តយុទ្ធសាស្រ្ត កំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៃរដ្ឋសភា។ ក្នុងនោះ ប្រធានបទនៅថ្នាក់ជាតិផ្តោតលើ ៖
* ការគ្រប់គ្រងតាមសាលារៀន
* ការលើកកម្ពស់ប្រសិទ្ធភាពគុណភាពអប់រំ និងវិធានការអនុវត្ត
* វិធីសាស្រ្តបង្រៀនក្នុងបរិបទថ្មី
* ការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឬមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត
* យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត
* កីឡាឆ្ពោះ ទៅកីឡាស៊ីហ្គេមឆ្នាំ ២០២៣
* យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ការពិភាក្សា ក៏ផ្តោតលើប្រធានបទ នៅកម្រិតរាជធានី ខេត្ត និងវេទិកាកម្រិតសាលារៀនផងដែរ៕