(តូក្យូ-ជប៉ុន)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស (OTIT) ដោយបានស្នើឱ្យអង្គការនេះ ជួយទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការឱ្យបានច្រើន និងជួយបណ្ដុះបណ្ដាលពួកគេ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅជប៉ុនផង។
កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង ដឹកនាំគណៈប្រតិភូកម្ពុជា ទៅទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នាឱកាសនោះ លោក SUZUKI បានជម្រាបជូនថា អង្គការនេះមានសាខាជាច្រើននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មី សម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗស្របតាមច្បាប់។
ប្រធានអង្គការជប៉ុនរូបនេះ បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមកទទួលបានភាពល្អប្រសើរ ព្រមទាំងស្នើសុំឱ្យមានការសហការគ្នាបន្តទៀត ដើម្បីធ្វើយ៉ាងណាផ្តល់នូវការគាំពារទាំងឡាយស្របតាមច្បាប់ ជាពិសេសការផ្តល់ជំនាញពិតប្រាកដ ដើម្បីពួកគេអាចប្រកបមុខរបរបានទាំងនៅជប៉ុន និងនៅកម្ពុជា។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើសុំឱ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរទៅជប៉ុន ឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗ ស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។
ជាមួយនោះ លោកបានស្នើឱ្យអង្គការនេះជួយផ្សព្វផ្សាយ និងណែនាំដល់សមាគមនាំពលករពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីមានឱកាសពិភាក្សាការងារទាំងនេះ ឱ្យបានកាន់តែល្អប្រសើរថែមទៀត៕