Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ដាក់ចេញផែនការរួមរបស់សាលារាជធានីភ្នំពេញ សម្រាប់មន្ត្រីអនុវត្តអំឡុងចូលឆ្នាំព្រពៃណីជាតិខ្មែរ

25-03-2019 14:37

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាល នៃរដ្ឋបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវផែនការរួមមួយ ដែលជាការងារស្នូលរបស់សាលារាជធានីភ្នំពេញ សម្រាប់មន្ត្រីមានដើមទុនក្នុងការបន្តអនុវត្តភារកិច្ច ឲ្យមានប្រសិទ្ធភាព អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

លោកថា ផែនការសំខាន់ៗទាំងនោះ រួមមាន៖ ទី១៖ការធ្វើកាលវិភាគប្រជុំប្រចាំសប្ដាហ៍ សម្រាប់គណៈអភិបាលនូវរៀងរាល់ថ្ងៃសុក្រ, ទី២៖ ការយកចិត្តទុកដាក់ រៀបចំ សណ្ដាប់ធ្នាប់សាធារណៈ, ទី៣៖ការពិនិត្យតាមដានរាល់គ្រប់ក្លឹបកំសាន្ដនានា លើបញ្ហាបង្កាបង្ក្រាបទប់ស្កាត់គ្រឿងញៀន, ទី៤៖ផ្ដោតសំខាន់លើការត្រៀម រៀបចំឡានទឹក សម្រាប់បង្កាទប់ស្កាត់អគ្គិភ័យអាចកើតមានឡើងជាយថាហេតុ ចាប់ពីពេលនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

លោក ជា ពិសី បានសង្កត់ថា ដើម្បីឲ្យសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ គឺអាស្រ័យទៅលើ ប្រជាពលរដ្ឋចូលរួមអនុវត្តន៍ តាមសេចក្ដីណែនាំ របស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ព្រោះជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។

លោកអភិបាលខណ្ឌ បានបន្ថែមថា ស្របពេលដែលថ្នាក់ដឹកនាំសំខាន់ៗ និងសមត្ថកិច្ចគ្រប់ជំនាញ បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន សូមឲ្យយកចិត្តទុកដាក់ចុះត្រួតពិនិត្យ នូវរាល់គ្រប់ក្លឹបកំសាន្ដសប្បាយភាពនានា និងនៅតំបន់ស្មុកស្មាញមួយចំនួន ដើម្បីមានរបាយការណ៍ ឫមានវិធានការបន្ត ក្នុងការបង្កាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀន។

លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា រយៈពេល៣ថ្ងៃជាប់គ្នា រដ្ឋបាលខណ្ឌមានរៀបចំពិធីសង្ក្រាន្ដ២០១៩ នៅវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីជួបជុំ ទាំងសប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នូវទូទាំងខណ្ឌ អាចមកចូលរួមកម្សាន្ដសប្បាយ ដោយមានការរាំរែកផងដែរ នៃព្រឹត្តិការណ៍សង្ក្រាន្តឫស្សីកែវ ក្នុងឆ្នាំ២០១៩នេះ៕