(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលផែនការងារព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ដើម្បីកុំឲ្យកើតមានបទល្មើស នេះ ក្នុងមូលដ្ឋានរបស់ខ្លួនកាន់កាប់។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានដាក់បទបញ្ជាលើការងារតាមចាប់មុខសញ្ញាសេសសល់ ពិសេសមុខសញ្ញាធំៗ ដើម្បីឈានទៅរកការកាត់បន្ថយបទល្មើសផ្សេងៗ។ លើសពីនេះ លោកបានណែនាំលើការងារ តាមចាប់ខ្លួនមុខសញ្ញាដែលមានដីការបស់តុលាការ នៅក្នុងដៃរួចរាល់ផងដែរ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌរូបនេះ ក៏បានដាក់ចេញនូវវិធានការចុះជួយពង្រឹងការងារព្រហ្មទណ្ឌ នៅតាមបណ្ដាស្រុក ក្នុងខេត្តកំពង់ចាម ដែលនៅតាមស្រុកខ្លះអនុវត្តមិនទាន់បានល្អ។ ដោយឡែក ការងារមួយទៀត នៅចំពោះមុខនេះ គឺត្រូវបន្ដ ការស៊ើបអង្កេតករណី ធ្វើអត្តឃាតលោក ស៊ុន ចាន់ពិសីមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃផងដែរ៕