(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ហែម ឬទ្ធី អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១១គ្រួសារ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដាច់ពោះ ស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
លោកអភិបាលខេត្តបន្តថា ជាក់ស្តែងការចុះសួរសុខទុក្ខ និងការចែកអំណោយសង្គ្រោះបន្ទាន់ ដល់បងប្អូនរងគ្រោះនៅពេលនេះ គឺជាការផ្តល់កម្លាំងចិត្ត និងចូលរួមចំណែកដោះ ស្រាយនូវការលំបាករបស់បងប្អូនបានមួយកំរិត បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន ក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើនផលការងារកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារឱ្យបានធូធាឡើង។
នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះ ដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ១១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម មី ១កេះ ទឹកត្រីនិងទឹកស៊ីអីវ ១យួ សារ៉ុង ១ និងកៅស៊ូតង់ ១ផងដែរ៕