(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ និងអាជីវករភាគច្រើនរស់នៅទីប្រជុំជន ក្នុងក្រុងព្រះសីហនុ បានរិះគន់អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុថា មិនទាន់អាចគ្រប់គ្រងកាកសំណល់សំរាមឲ្យបានល្អទេ និងស្នើឲ្យអាជ្ញាធរជួយជំរុញទៅក្រុមហ៊ុនវិនិយោគប្រមូលសំរាម KSWM ឲ្យបង្កើនសកម្មភាពប្រមូលសំរាមរបស់ខ្លួនឲ្យបានទៀងទាត់។
ប្រជាពលរដ្ឋបន្តថា បញ្ហាអសកម្ម ដែលកើតមានពីការគ្រប់គ្រងកាកសំណល់សំរាមនាទីប្រជុំជនក្រុងព្រះសីហនុ គឺបានបន្តកើតមានមិនចេះចប់ មិនចេះហើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ថ្លែងថា រាល់ថ្ងៃនេះពួកគាត់មានផលវិបាកជាច្រើនក្នុងការរស់នៅមានដូចជា ភាពយឺតយ៉ាវរបស់ក្រុមហ៊ុនប្រមូលសំរាម KSWM ដើរប្រមូលសំរាមមិនបានទៀងទាត់។
ក្រុមប្រជាពលរដ្ឋ បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុន KSWM ដែលទទួលបានសិទ្ធិវិនិយោគប្រមូលសំរាមក្នុងក្រុងទេសចរណ៍មួយនេះ ហាក់មិនទាន់បានទទួលខុសត្រូវលើកិច្ចការងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមកុងត្រាទេ ហើយតែងបានបង្កផលវិបាកដល់ប្រជាពលរដ្ឋ។ ពលរដ្ឋបានអះអាងថា ព្រុមហ៊ុនប្រមូលសំរាមមិនបានទៀងទាត់ទេ ដោយទុកឲ្យកាកសំណល់សំរាមគររាយប៉ាយ នៅតាមចិញ្ចើមផ្លូវ យូរថ្ងៃ និងមានក្លិនស្អុយ។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅទីប្រជុំជនក្រុងព្រះសីហនុ បានសំណូមពរដល់លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក យន្ត មីន ជាអភិបាលខេត្ត ជួយជំរុញ និងពន្លឿនទៅក្រុមហ៊ុនប្រមូលសំរាម KSWM ឲ្យបង្កើនសកម្មភាពចុះប្រមូលសំរាម ដែលគរទុកចោលនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ តាមចិញ្ចឹមផ្លូវសាធារណៈនានា ឲ្យបានឆាប់ ព្រោះកាកសំណល់សំរាមគរទុកចោលយូរថ្ងៃ បង្កើតឲ្យមានក្លិនស្អុយខ្លាំង។
ឆ្លើយតបបញ្ហាសំរាមនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានសរសេរសារបង្ហោះតាមបណ្តាញសង្គម ឬប្រព័ន្ធ Telegram របស់រដ្ឋបាលក្រុងថា ចំពោះការលើកឡើង របស់មហាជន ដែលថាមួយរយៈចុងក្រោយនេះ ឃើញមានសំរាមកកស្ទះច្រើនស្ទើរគ្រប់កន្លែងក្នុងក្រុងព្រះសីហនុនោះ គឺអាជ្ញាធរក្រុងមិនព្រងើយកន្តើយលើរឿងនេះទេ ។
បញ្ហានេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ពន្យល់ថា ករណីសំរាមកកស្ទះជាបន្តបន្ទាប់មកនេះ ខាងក្រុមហ៊ុនប្រមូលសំរាម KSWM បានអះអាងថា ដោយសារខាងក្រុមហ៊ុននេះ ជួបវិបត្តិខ្វះកម្លាំងពលកម្ម ឬខ្វះបុគ្គលិកកម្មករ។ ក្នុងនោះកម្មករមួយចំនួនរបស់ក្រុមហ៊ុននេះ ក៏បានសុំច្បាប់ឈប់សម្រាកទៅស្រុកនារដូវធ្វើស្រែជិតចូលមកដល់។ ចំណែកកម្មករខ្លះទៀត បានសុំឈប់ធ្វើការ ពីក្រុមហ៊ុននេះ ដោយត្រូវប្តូរទៅធ្វើការងារ នៅតាមក្រុមហ៊ុនផ្សេងៗវិញ។
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានបកស្រាយជំនួសក្រុមហ៊ុន KSWM ថា រាល់ថ្ងៃនេះ ការជ្រើសរើសកម្មករប្រមូលសំរាមមកធ្វើការ គឺពិបាករកបំផុត គឺស្របពេលទីផ្សារការងារ នៅក្រុងព្រះសីហនុ នាពេលបច្ចុប្បន្នមានជម្រើសការងារដ៏សម្បូរបែប និងមានប្រាក់បៀវត្ស ឬតម្លៃពលកម្មខ្ពស់។
ទោះជាបែបនេះក្តី តំណាងក្រុមហ៊ុន KSWM បានឲ្យដឹងថា កំពុងស្វះស្វែងរកកម្មករបន្ថែម ពីតាមបណ្តាខេត្តផ្សេងៗ មកបំពេញកន្លែងខ្វះខាត បូករួមក្រុមហ៊ុនមានគោលការណ៍បង្កើនប្រាក់ឧបត្ថម្ភផ្សេងៗ ជូនដល់កម្មករប្រមូលសំរាម និងបង្កើនសមត្ថភាពបច្ចេកទេសដល់កម្មករផងនោះ នឹងអាចជម្រុញឲ្យដំណើរការប្រមូលសំរាម នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានប្រសើរឡើងវិញនៅថ្ងៃខាងមុខ។
បន្ថែមលើនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋថា ក្នុងករណីមានកាកសំណល់សំរាមកកស្ទះ ឬគរទុកចោលយូរថ្ងៃ នៅទីតាំងណាមួយអូសបន្លាយពេលយូរថ្ងៃ គឺអាចទាក់ទងទៅកាន់សាលាសង្កាត់ក្នុងមូលដ្ឋានខ្លួន ដែលកំពុងរស់នៅ ដើម្បីឲ្យជួយអន្តរាគមន៍ប្រមូលសំរាមទាំងនោះ។ បច្ចុប្បន្ននេះ ខាងក្រុមហ៊ុន KSWM បានបែងចែករថយន្តដឹកសំរាម ឲ្យទៅប្រចាំការដឹកសំរាម នៅតាមសង្កាត់នីមួយៗជាអ្នកទទួលខុសត្រូវ។
ក្រៅពីនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមវេចខ្ចប់ទុកដាក់សំរាមជាដុំៗឲ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលរាយប៉ាយ បង្កផលវិបាកដល់បុគ្គលិកប្រមូលសំរាមទេ។ ការវេចខ្ចប់កាកសំណល់សំរាមឲ្យមានរបៀបរៀបរយល្អ គឺអាចជួយពន្លឿនដល់សកម្មភាពប្រមូលសំរាម ចេញពីទីក្រុង ឆ្ពោះទៅកាន់ទីលានចាក់សំរាម ដែលមានចម្ងាយឆ្ងាយ ស្ថិតនៅស្រុកព្រៃនប់ឲ្យមានភាពឆាប់រហ័យ៕