(ភ្នំពេញ)៖ អ្នកជំនាញជាច្រើនរូបមកពីស្ថានប័ននានានៅសប្តាហ៍កន្លងទៅនេះ បានរួមគ្នាលើកបង្ហាញអំពីតួនាទី និងគុណតម្លៃរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជូនដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS។
និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាជាង៣០០នាក់ បានចូលរួមស្តាប់កិច្ចពិភាក្សាស្តីពី «តួនាទីសហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច»។ វាគ្មិនសំខាន់ៗសុទ្ធសឹងជាអ្នកមានបទពិសោធន៍ក្នុងការងារស្រាវជ្រាវ គ្រប់គ្រង ដឹកនាំផ្ទាល់លើការងារ សហគ្រាសធុនតូច និងមធ្យម បានបកស្រាយ និងបញ្ជាក់យ៉ាងក្បោះក្បាយពីតួនាទីរបស់ SMEs សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការអភិវឌ្ឍ SMEs ផងដែរ។។
លោកទេសរដ្ឋមន្រ្តី សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានធបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងគោលនយោបាយ បើកច្រកឱ្យប្រជាពលរដ្ឋមានឱកាសបង្កើតមុខរបរ សហគ្រាសធុនតូច និងមធ្យម ដោយការបញ្ចុះអត្រាការប្រាក់កម្ចី ១.៥ក្នុងមួយខែ ឬ ១៨ភាគរយ ក្នុង១ឆាំ្នជាដើម។
លោកបន្តថា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ចតុកោណទី៣ មុំទី២ បានលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព។ ក៏ដូចជាការរៀបចំបង្កើតធនាគារ SMEs ការដាក់ចេញអនុក្រឹត្យស្តីអំពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) ការបង្កើតមូលនិធិអភិវឌ្ឍជំនាញ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចតេជោ ការបង្កើតមូលនិធិអភិវឌ្ឍសហគ្រិនភាព ដែលទាំងនេះក្នុងបំណងជំរុញ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានចែករំលែកបទពិសោធន៍ដល់និស្សិតអំពី «តួនាទីសហគ្រាសធុនតូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ»។
លោកបណ្ឌិត បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យការងារ ជាក់ស្តែងនៅសហភាពអឺរ៉ុបមាន SMEs ៦៦ភាគរយ បានស្រូបយកកម្លំាងពលកម្ម ៦៥ភាគរយ, អាស៊ាន SMEs ៩៤.៨ - ៩៩.៦ភាគរយ បានស្រូបកម្លាំងពលកម្ម ៤០.៤ ទៅ៩៩ភាគរយ។ ដោយឡែកនៅកម្ពុជា មានសហគ្រាសធុនតូច ៧១.២ភាគរយ សហគ្រាសធុនមធ្យម ២១.៨ភាគរយ និងសហគ្រាសធុនធំ ៧ភាគរយ។
ក្នុងចំនួន ១០០ភាគរយ នៃផលិតផលជាតិសរុប (GDP) បានចូលរួមមកពីវិស័យឧស្សាហកម្មផលិតចំនួន ២៨.២ភាគរយ ពាណិជ្ជកម្មចំនួន ១៤.៥ភាគរយ ទេសចរណ៍ចំនួន ៧ភាគរយ និងវិស័យផ្សេងៗទៀតចំនួន ៥០ភាគរយ។
លោក ស្តើង សុខុម បន្តថា ដើម្បីឱ្យ SMEs មាននិរន្តភាព សហគ្រិន ឬម្ចាស់ SMEs ត្រូវខិតខំផលិតឱ្យបានច្រើន មានគុណភាព ខិតខំថែរក្សាអតិថិជនចាស់ ពង្រីក ដែនទីផ្សារថ្មី សិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលគាំទ្រដល់ផលិតភាពរបស់ SMEs របស់ខ្លួនក្នុងគោលបំណងសន្សំសំចៃថ្លៃដើម ពេលវេលា និងមានគុណភាពកាន់តែខ្ពស់។
ជាមួយគ្នានោះសហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍទៅបានអាស្រ័យដោយម្ចាស់សហគ្រាសធុនតូច និងមធ្យម ចេះសាមគ្គីគ្នា ប្រមូលផ្តុំគ្នា ដូចជានិស្សិតចេញពីសាកលវិទ្យាល័យ សហការគ្នាបើកជាសហគ្រាស SMEs ឬរៀបចំជាសហគមន៍បើក SMEs។ ដូចគ្នានេះដែរត្រូវខំសិក្សាស្រាវជ្រាវរៀនសូត្រទើបចេះ និងខិតខំធ្វើសកម្មភាពទើបបានលទ្ធផល។
លោក សុខ ខេង អគ្គលេខាធិការសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក៏បានលើកឡើងថា ការបង្កើតសហគ្រាសធុនតូច និងមធ្យម វាជាការពិបាកមួយសម្រាប់ម្ចាស់សហគ្រាសមីក្រូ តូច និងធម្យម តែការធ្វើឱ្យសហគ្រាសមីក្រូ តូច និងមធ្យម មាននិរន្តភាព និងរីកចម្រើនវាពិតជាសំខាន់ ដូច្នេះម្ចាស់សហគ្រាសមីក្រូ តូច និងមធ្យម ត្រូវតែមានមូលដ្ឋានចំណេះដឹង ដូចជា គណនេយ្យ ទីផ្សារ ការជ្រើសរើសបុគ្គលិក ការរៀបចំផែនការ ក្នុងការគ្រប់គ្រងដឹកនាំសហគ្រាសមីក្រូ តូច និងមធ្យមរបស់ខ្លួន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការងារគ្រប់គ្រង។
លោក សុខ ខេង ក៏បានបង្ហាញអំពីបញ្ហាប្រឈមរបស់សភាមុខបុរបរ និងមីក្រូសហគ្រាស មានដូចជា បញ្ហាហិរញ្ញវត្ថុ និងធនធានមនុស្ស។ ព្រមទាំងបានបង្ហាញអំពីរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងដឹកនាំ និងទស្សនៈវិស័យរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីចូលរួមជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា។ ម្ចាស់សហគ្រាសមីក្រូ តូច និងមធ្យម អាចចូលជាសមាជិកសភាមុខរបរ និងមីក្រូសហគ្រាស អាចទទួលបានផលប្រយោជន៍មួយចំនួនផងដែរ។
លោកបណ្ឌិត ម៉ា ប៊ុនសែងប្ញទ្ធី នាយកវិទ្យាស្ថានស្រាវជ្រាវសហគ្រាសធុនតូច និងមធ្យម បានលើកករណីសិក្សាចំនួន ៤ខុសៗ គ្នា នៅប្រទេសថៃ កូរ៉េខាងត្បូង ប្រទេសចិន កោះតៃវ៉ាន់ មកបង្ហាញដល់និស្សិត ដើម្បីជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវ និងប្រៀបធៀបពីតួនាទីយ៉ាងសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច។
លោកបណ្ឌិតក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម បានរកឃើញថា វាមានទំនាក់ទំនងជាមួយកត្តាមួយចំនួនដូចជា កត្តាការធ្វើផែនការអាជីវកម្ម កត្តាបុគ្គលិកជំនាញ កត្តាការគ្រប់គ្រង កត្តាធនធានមនុស្ស កត្តាការប្រើប្រាស់បច្ចេកវិទ្យា កត្តាសេដ្ឋកិច្ច និងកត្តាគាំទ្រពីរាជរដ្ឋាភិបាល។
ក្រោយពីវាគ្មិនបានធ្វើបទបង្ហាញចែករំលែក និងបកស្រាយនូវសំណួរជាច្រើនដល់និស្សិត លោកបណ្ឌិត ស្តើង សុខុម ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំសិក្សាស្រាវជ្រាវ រៀនសូត្រ ហើយសហការគ្នាក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ផ្តួចផ្តើមគំនិត បង្កើតជាមុខរបរផ្ទាល់ខ្លួន ឬជាក្រុម ជាសហគមន៍ ដើម្បីចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចសង្គមជាតិជាដើម។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ និស្សិតដែលបានបញ្ចប់ការសិក្សានៅ CUS ចាប់ពីថ្នាក់បរិញ្ញាបត្ររង ដល់ថ្នាក់បណ្ឌិតមានជាងពីរម៉ីននាក់ និងកំពុងសិក្សាជិតពីរម៉ឺននាក់ទៀត។ បច្ចុប្បន្ននេះ CUS មាន ៨ទីតាំង ដែល២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត៕