(ភ្នំពេញ)៖ ទឹកបរិសុទ្ធកម្ពុជាចំនួន១០,០០០កេស បានទៅដល់ដៃរបស់ប្រជាពលរដ្ឋ២៥០០គ្រួសារ ដែលកំពុងខ្វះទឹកស្អាតពិសា ក្នុងឃុំអង្គកែវ ឃុំប្រាំបីមុំ និងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងកម្មវិធីចែកទឹកបរិសុទ្ធកម្ពុជា លោកឧញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) បានឲ្យដឹងថា ការឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជារបស់ក្រុមហ៊ុនអាចចូលរួមចំណែកបន្តិចបន្តួចក្នុងការដោះស្រាយការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ហើយលោកជឿជាក់ថាអជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ក្រោមការដឹកនាំរបស់ លោក អ៊ូច ភា ក៏នឹងបន្តបំពេញភារកិច្ចយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាខ្វះទឹកនេះផងដែរ។
លោកយាយ តូម ឡា អាយុ៨៥ឆ្នាំ រស់នៅម្នាក់ឯង បានមានប្រសាសន៍ថា «ខ្ញុំមានភាពសប្បាយរីករាយណាស់ ដែលថ្ងៃនេះទទួលបានទឹកបរិសុទ្ធទុកសម្រាប់ពិសាបានយ៉ាងតិចក៏២ខែដែរ ព្រោះសព្វថ្ងៃនេះក្នុងភូមិកំពុងខ្វះទឹកស្អាត ហើយពេលត្រូវការទឹកម្តងៗ ខ្ញុំយកទឹកពីអណ្តូងស្នប់ដែលរាល់ថ្ងៃស្ទើរតែគ្មានទឹកចេញមកនោះទេ»។
លោក សុទ្ធ ខា អាយុ៥៦ឆ្នាំ ប្រកបរបរធ្វើស្រែ បានឲ្យដឹងថា«រាល់ថ្ងៃនេះក្នុងភូមិកំពុងខ្វះទឹកពិសា និងប្រើប្រាស់។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន ដែលបានមកចែកទឹកបរិសុទ្ធសម្រាប់ឲ្យអ្នកភូមិទុកពិសាបណ្តោះអាសន្ន ព្រោះរាល់ថ្ងៃនេះគ្រួសារខ្ញុំត្រូវទិញទឹក និងពេលខ្លះប្រើទឹកពីអណ្តូងស្នប់ដែលកករ ហើយមានជាតិភ្លាវ ស្ទើរតែមិនអាចយកដាំ និងញុំាបាននោះទេ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) តែងតែត្រៀមខ្លួនជាស្រេច នឹងបន្តចូលរួមសហការជាមួយអជ្ញាធរដើម្បីធ្វើការងារសង្គមនិងសប្បុរសធម៌គ្រប់រូបភាព សំដៅជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមណាមួយ ដែលប្រជាពលរដ្ឋខ្មែរជួបប្រទះ នៅតាមមូលដ្ឋានទូទាំងប្រទេស៕