(ចិន)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាពង្រីកការដឹកជញ្ជូនរវាងកម្ពុជា និងចិន។

ថ្ងៃបំដូងនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិននាថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ⁣ក្រុមហ៊ុន China Merchants Group និង⁣ក្រុមហ៊ុន⁣ China Merchants Port និង⁣⁣ទស្សនកិច្ចនៅចំណតកំពង់ផែ កុងតឺន័រ Shekou និងមណ្ឌលឡូជីស្ទីករបស់ក្រុមហ៊ុន China Merchants Port Group នៅក្រុង Shenzhen ប្រទេសចិន។ ជំនួបនេះធ្វើឡើង⁣ ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកកិច្ចសហការគ្នា⁣ក្នុងការអភិវឌ្ឍ ពង្រឹងសមត្ថភាពកំពង់ផែ និងលើកកម្ពស់ភាពប្រកួតប្រជែងឡូជីស្ទីក⁣នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណៈប្រតិភូ បានពិភាក្សា ⁣និង ផ្លាស់ប្តូរយោបល់⁣ជាមួយ⁣ លោក⁣⁣⁣ Fu Gangfeng ប្រធានក្រុមហ៊ុន⁣ China Merchants Group ដែលជាក្រុមហ៊ុនមេ⁣ និង លោក⁣ Lu Vincent⁣⁣ អនុប្រធាន⁣⁣ក្រុមហ៊ុន China Merchant Port Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ⁣លើទស្សនវិស័យ និងបទពិសោធន៍ ជំនាញល្អៗ⁣ នៅក្នុងការដេឹកនាំ⁣ គ្រប់គ្រង ⁣⁣និងដំណើរការកំពង់ផែ⁣ដ៏ធំមួយនោះនៅក្រុង⁣ Shenzhen ព្រមទាំងបានពិភាក្សាផងដែរ⁣ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង⁣កំពង់ផែស្វយ័តភ្នំពេញ⁣⁣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ⁣⁣ និងកំពង់ផែ⁣ China Merchants Port។

លោក Fu បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួម លេីកស្ទួយវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រេីនថែមទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ⁣⁣បានយល់ព្រមជាមួយលោក⁣ ⁣Lu Vincent⁣⁣ ក្នុងកិច្ចសហការរៀបចំផែនការមេសម្រាប់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍវស័យកំពង់ផែ និងឡូជីស្ទីកនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ⁣⁣ក៏បានអញ្ជើញ លោក Fu លោក ⁣Lu និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការីជំនាញទៅធ្វេីទស្សនកិច្ចនៅកម្ពុជា ⁣ដើម្បីសិក្សានិងពិភាក្សាលម្អិត ពីគម្រោងវិនិយោគ និងកិច្ចសហប្រតិបត្តិការបន្ត⁣ រវាងក្រសួងសាធារណការ⁣និងដឹកជញ្ជូន⁣ ⁣និង⁣ក្រុមហ៊ុន⁣⁣⁣⁣⁣ Merchants Port Group៕