(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វាង វិនធាន ឯកអគ្គរដ្ឋចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន
នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី របស់កងពលតូចលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។
លំហាត់នាគមាស ឆ្នាំ២០១៩ មិនមានការគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះគឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធប្រឆាំងអំពើភេវរកម្មជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្តរាយធម្មជាតិ ជាដើម។
លំហាត់ហ្វឹកហ្វឺននាគមាសផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិនតែម្តង។
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរួមគ្នារៀបចំ «សមយុទ្ធនាគមាស ឆ្នាំ២០១៩» រយៈពេល ២៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។ សមយុទ្ធនេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១,៦៨៥នាក់។
ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាសជាដើម។
សូមជម្រាបថា បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះ បានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និលោក ស៊ី ជីនពីង ប្រធានាធបិតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិ ន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជាចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ភាគីទាំងពីរ បានឯកភាពធ្វើបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ៕