(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមការងារបុគ្គលិកផ្នែកលក់ទឹកបរិសុទ្ធកម្ពុជា បានចាប់ផ្តើមធ្វើយុទ្ធនាការណ៍ទ្រង់ទ្រាយធំ ដើម្បីលក់ទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មី គឺ ទឹកបរិសុទ្ធកម្ពុជាប្រភេទ «ទឹកបន្សុទ្ធ» នៅតាមទីផ្សារនានា ផ្សារទំនើប ហាងលក់ទំនិញតូចធំ ផ្ទះលក់ចាប់ហួយ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងអ្នកលក់បន្ត តាមទីសាធារណៈគ្រប់ជ្រុងជ្រោយទូទាំងកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
យុទ្ធនាការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល១សប្តាហ៍ពេញ ដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថា ប្រជាជនកម្ពុជា ដែលនិយមចូលចិត្តពិសាទឹកបរិសុទ្ធកម្ពុជា អាចងាយស្រួលរកទិញទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីនេះ បានគ្រប់ទីកន្លែងតែម្តង។
ក្រោមម្លប់ឈើជាមួយអាកាសធាតុក្តៅហែង លោកស្រី គង់ កុសល នាយកផ្នែកផ្សព្វផ្សាយទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា «យុទ្ធនាការណ៍នេះ នឹងជួយជំរុញឱ្យទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីនេះ កាន់តែងាយស្រួលសម្រាប់អតិថិជនរកទិញនៅគ្រប់ទីកន្លែង»។
លោកស្រីក៏បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ បរិភោគទឹកឱ្យបានច្រើនផងដែរ ក្នុងរដូវកាលខែប្រាំងឆ្នាំនេះ ដើម្បីថែរក្សាសុខភាពស្បែកឱ្យមានសំណើមជាប់ជាប្រចាំ និងមានជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ដើម្បីបំបាត់ភាពស្រេកទឹក និងការនឿយហត់អស់កម្លាំង ដែលអាចបង្កទៅជាជំងឺផ្សេងៗ ព្រោះសីតុណ្ហភាពឆ្នាំនេះនឹងក្តៅខ្លាំងខុសពីឆ្នាំមុនៗ។
សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជាមាន២ប្រភេទ ដែលមួយសំបូរទៅដោយសារធាតុរ៉ែជំនួយឆ្អឹង រីឯទឹកបរិសុទ្ធកម្ពុជាស៊េរីថ្មីវិញ គឺជាប្រភេទទឹកបន្សុទ្ធ១០០% ដែលជួយបំពេញជាតិទឹកក្នុងខ្លួន និងធ្វើឲ្យស្បែកមានសំណើម ព្រមទាំងអាចប្រើប្រាស់ ដើម្បីឆុងម្ស៉ៅទឹកដោះគោទារកផងដែរ។
ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានស្តង់ដារអន្តរជាតិ ដែលទទួលបានមេដាយគុណភាពអន្តរជាតិ។ ផលិតផលទាំងអស់ ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយបង្អស់ មកពីសហគមន៍អឺរ៉ុប៕