(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ១,២៤៥នាក់ នារី ៥៧២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៣នាក់ (នារី ១នាក់)។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកអំពីសាកលវិទ្យាល័យ PPIU ដែលបានជួបរឿងក្តីក្តាំ មិននឹកស្មានថាសកលវិទ្យាល័យមួយនេះដំណើរការបានដល់ថ្ងៃនេះនោះទេ
* សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងទាក់ទងជាមួយអ្នកនៅក្រៅ ដើម្បីលំហូរទៅវិញទៅមកនៃការងារ។
* សម្តេចបានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសដែលមានមនុស្សទៅធ្វើការក្រៅប្រទេសច្រើនជាងគេ គឺប្រទេសហ្វីលីពីន ១២លាននាក់។
* សម្តេចបានថ្លែងថា ប្រទេសថៃ បានបញ្ជូនពលរដ្ឋទៅក្រៅប្រទេសយ៉ាងច្រើន ដើម្បីប្រកួតប្រជែងការងាររបស់ប្រជាជនរបស់គេ និងប្រទេសដទៃ។
* នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្រាប់វិស័យសំណង់ កម្ពុជាអត់ទាន់មានលទ្ធភាពដើម្បីផ្គត់ផ្គង់អ្នកបច្ចេកទេសជូនអ្នកវិនិយោគលើវិស័យសំណង់នៅឡើយទេ
* សម្តេចតេជោ ហ៊ុន សែន ចង់បង្កើនចំនួនពលករដែលទៅធ្វើការនៅប្រទេសកូរ៉េ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងនៅមានធនធានតិចតួច ដែលបានចូលទៅធ្វើការនៅក្នុងស្ថាប័នអន្តរជាតិសំខាន់
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យបញ្ចូលយោធាកម្ពុជា ទៅក្នុងថ្នាក់ដឹកនាំ ឬថ្នាក់សេនាធិការ របស់អង្គការសហប្រជាជាតិ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សប្តាហ៍មុននេះ កម្ពុជាបានចុះហត្ថលេខា១៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទិញរថពាសដែកបញ្ជូនទៅប្រទេសម៉ាលី ដោយសារតែ UN ខ្វះខាតថវិកា ហើយកម្ពុជាត្រូវតែចូលរួមក្នុងប្រតិបត្តិការបែបនេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខនេះ សម្តេចពិជ័យសេនា នឹងទៅប្រជុំនៅអង្គការសហប្រជាជាតិ ជាមួយនឹងបណ្តាប្រទេស ដែលបានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបញ្ជូនទាហានមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេសជាមួយអង្គការសហប្រជាជាតិ បង្ហាញឱ្យឃើញថា កម្ពុជាបានចូលរួមក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលមិនត្រឹមតែដោះស្រាយបញ្ហាខ្លួនឯងទេ
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យនិស្សិតជាជនពិការងើបឈរខិតខំប្រឹងប្រែងដើម្បីជួយខ្លួនឯង
* សម្តេចតេជោ ហ៊ុន សែន បាននិទានរឿងប៉ាវចិន ដែលចាក់បញ្ចាំងលើទូរទស្សន៍ Fresh News
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរខ្សែភាពយន្តរឿង «លោកម្ចាស់ប៉ាវ» ដែលជាភាពយន្តផ្តល់ការអប់រំមួយសម្រាប់ការធ្វើកំណែទម្រង់តុលាការនៅកម្ពុជា ដែលបានចាក់ផ្សាយតាមទូរទស្សន៍ Fresh News នាពេលយប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងការស្វែងរកយុត្តិធម៌សង្គម តម្រូវឲ្យមានការស្រាវជ្រាវអំពីការបំបែករឿងក្តី។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យបញ្ចុះបញ្ចូលកូនចូលខ្លួនដោះស្រាយបញ្ហានៅប្រព័ន្ធតុលាការ ក្រោយប្រើកាំភ្លើងភ្ជង់គេ។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានកុំឲ្យមានការចូលរួមលាក់បាំងទង្វើរបស់កូន ដែលអាចឈានដល់ការអស់តំណែង។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះប្រតិបត្តិការរបស់សមត្ថកិច្ចទៅលើក្រុមចោរលួចរថយន្ត ដែលឈានរហូតដល់ការបាញ់សម្លាប់នៅខេត្តព្រៃវែង។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សមត្ថកិច្ចដែលបានបាញ់ទៅលើមនុស្សដែលជាប់សង្ស័យជាចោរលួចរថយន្តនោះ គឺជាកូនរបស់មេនគរបាល។
* សម្តេចតេជោ ប្រាប់ទៅមេនគរបាលនោះ ឲ្យយកកូននោះមកដោះស្រាយតាមផ្លូវច្បាប់បើមិនដូច្នោះទេ មេនគរបាលនោះក៏ត្រូវអស់តំណែងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអយុត្តិធម៌មួយចំនួននៅក្នុងសង្គមមិនគួរកើតបែរជាបណ្តោយឲ្យកើតមានទៅកើត ដូចជាករណីបាញ់សម្លាប់ក្រុមជនសង្ស័យលួច រថយន្តនៅឯខេត្តព្រៃវែងជាដើម។
* សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងថា គណបក្សនយោបាយមួយដែលដឹងថា គេកំពុងបំបែកហើយបែរជាបណ្តោយឲ្យគេបំបែកបាន មានន័យថាមេបក្សនោះអន់បំផុតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការបែងចែកឲ្យបានច្បាស់រវាងអ្នកទទួលបាននីតិសម្បទាខាងនយោបាយ និងអ្នកមិនទាន់ទទួលបាននីតិសម្បទានយោបាយ។
* សម្តេចតេជោ បានបញ្ជាក់ថា អ្នកទទួលបាននីតិសម្បទានយោបាយ ត្រូវផ្តល់សិទ្ធិឲ្យពួកគេឲ្យបានពេញលេញក្នុងការធ្វើសកម្មភាពនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សនយោបាយដែលងាប់ទៅហើយ ដែលសម្តេចសម្តៅដល់អតីតគណបក្សសង្គ្រោះជាតិនោះ មិនអាចរស់ឡើងវិញនោះឡើយ។
* សម្តេចតេជោ បានបញ្ជាក់ថា អ្នកនយោបាយដែលមិនទាន់ទទួលបាននីតិសម្បទានយោបាយ មិនអាចធ្វើសកម្មភាពនយោបាយបាននោះទេ។ បើធ្វើសកម្មភាពនយោបាយនឹងត្រូវប្រឈមមុខនឹងច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាគណបក្សនយោបាយមួយត្រូវបានរំលាយមុនពេលបោះឆ្នោតមួយឆ្នាំ។ តែនៅក្នុងប្រទេសថៃ គណបក្សនយោបាយមួយចំនួន ត្រូវបានរំលាយក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ប្រទេសមួយចំនួនថា តើគិតយ៉ាងម៉េច? តើស្តង់ដារប្រជាធិបតេយ្យបែបណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិទ្យាល័យនៅប្រទេសម៉ាលី ដែលសម្តេចជួយឧបត្ថម្ភក្នុងការកសាងនោះ ត្រូវបានបិទទ្វារព្រោះតែការធ្វើបាតុកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រញាប់រំលាយ និងផ្អាកសកម្មភាពបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីចាំទទួលទណ្ឌិត សម រង្ស៉ី។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទណ្ឌិត សម រង្ស៉ី កុំឲ្យចូលមកកម្ពុជាតាមព្រំដែនក្រែងមានគ្រោះថ្នាក់ដល់ជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ថៅកែរោងចក្រ W&D ឲ្យទទួលកម្មករ កម្មការិនីជាង១០០នាក់ ចូលធ្វើការវិញ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារឲ្យសម្របសម្រួលលើបញ្ហានេះហើយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារឲ្យសម្របសម្រួលលើបញ្ហានេះហើយ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចប្រើទូរស័ព្ទចំនួន១៣គ្រឿង។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យអាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ដោះស្រាយបញ្ហាខ្វះខាតទឹកជូនប្រជាពលរដ្ឋ បើទោះបីបច្ចុប្បន្នមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យត្រងទឹកទុកប្រើប្រាស់ផងដែរនៅពេលមានភ្លៀងធ្លាក់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និបាតរបស់ក្រសួងអប់រំ សុខាភិបាល កសិកម្ម និងក្រសួងមហាផ្ទៃជារឿងសំខាន់សម្តេចមិនដែលចោលនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៣០នាទីនាព្រឹកថ្ងៃដដេល, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News. សូមអរគុណ៕