(ព្រះវិហារ)៖ រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបន្ដដឹកនាំមន្ដ្រីក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល នៃខេត្តព្រះវិហារ។
ការចុះពិនិត្យការងារនេះ បានធ្វើឡើងក្នុងឱកាសរដ្ឋមន្ដ្រី ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងផ្ដល់អំណោយជាស្បៀងឧបភោគ-បរិភោគ ជូនដល់កងពលតូចថ្មើរជើងលេខ៥១ នៅខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «នេះជាការងារមួយដែលជាកាតព្វកិច្ច ដែលយើងត្រូវតែចុះទៅតាមមូលដ្ឋាន ដើម្បីពិនិត្យពីសកម្មភាពដំណើរការ របស់ប្រព័ន្ធសុខាភិបាលរបស់យើង ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ។ ជាក់ស្ដែង ថ្ងៃនេះ យើងបានចុះពិនិត្យមណ្ឌលសុខភាព នៅទល់ដែនមុំបីទិសប្រាសាទព្រះវិហារ, មណ្ឌលសុខភាព តេជោបុស្សស្បូវ, មណ្ឌលសុខភាពតេជោមរកត, មណ្ឌលសុខភាព ឈើទាលគង, មណ្ឌលសុខភាពស្រអែម, មណ្ឌលសុខភាព សម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម រួមទាំងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសុខភាពមួយចំនួនទៀត»។
ការងារនេះ ក៏ស្របទៅនឹងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានថ្លែងកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ ដែលបំពេញការងារនៅតាមតំបន់ដាច់ស្រយាល និងដាក់ពង្រាយបុគ្គលិកនៅតាមមូលដ្ឋានសុខាភិបាលនៅទីដាច់ស្រយាល ក៏ដូចជានៅតាមបណ្ដោយព្រំដែននេះបន្ថែម ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ គុណភាព និងប្រសិទ្ធភាពខ្ពស់។
ដូច្នេះ ជាក់ស្ដែងក្រោយពេលដែលយើង ចុះមកពិនិត្យជាក់ស្ដែងទៅលើមូលដ្ឋានសុខាភិបាល គឺមានក្រុមគ្រូពេទ្យយើង គ្រប់មណ្ឌលសុខភាព ហើយត្រៀមរួចជាស្រេចក្នុងការផ្ដល់សេវា បានយ៉ាងល្អប្រសើរ ជាពិសេសពួកគាត់ បានប្រតិបត្ដិការងារផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងបានយ៉ាងល្អ គោរពនូវក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបាននូវសេចក្ដីទុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋតែម្ដង។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានកោតសរសើរចំពោះការងារនៅតាមមណ្ឌលសុខភាពឆ្ងាយដាច់ស្រយាលនេះ ដែលបានរៀបចំបានស្អាត មានអនាម័យ ពិសេសបុគ្គលិកជាស្ដ្រី ដែលបានលះបង់ខិតខំបំពេញការងារ ទោះមកពីខេត្ដផ្សេងបែកពីគ្រួសារ មកបំពេញការងារនៅតាមបណ្ដោយព្រំដែននេះ ។
លើសពីនោះ រដ្ឋមន្ដ្រី នឹងដោះស្រាយបញ្ហាមួយចំនួន សម្រាប់មន្ដ្រីបុគ្គលិក ដែលបម្រើនៅតាមមូលដ្ឋានឆ្ងាយដាច់ស្រយាលនេះ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពិនិត្យមើលលទ្ធភាព ទៅលើការជួសជុលនៅមន្ទីរពេទ្យ ដែលចាស់ទ្រុឌទ្រោម។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ក៏បាននាំមកជាមួយនូវការឧបត្ថម្ភជាស្បៀង និងថវិកា ទៅដល់បុគ្គលិកសុខាភិបាល ដែលបម្រើការងារទាំងអស់ផងដែរ ដើម្បីជាការលើកទឹកចិត្ដ ក៏ដូចជាការដោះស្រាយនូវការខ្វះខាតរបស់បុគ្គលិកនៅទីនេះផងដែរ។
រដ្ឋមន្ដ្រីសុខាភិបាល ក៏បានផ្ដាំផ្ញើ ដល់អ្នកជំងឺ និងថែទាំអ្នកជំងឺ ត្រូវចេះរក្សាការពារសុខភាពខ្លួន ដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ការប្រុងប្រយ័ត្នចំពោះសុខភាពក្នុងគ្រប់រដូវ ពិសេសក្នុងរដូវក្ដៅនេះ។
សូមជម្រាបផងដែរថា នៅដើមឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានបន្ដពង្រាយបុគ្គលិកសុខាភិបាល ទៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានល្អប្រសើរប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល។
មកទល់ពេលនេះ មណ្ឌលសុខភាពទូទាំងប្រទេសមានសរុបចំនួន ១,២០៥, បុស្ដិ៍សុខភាពចំនួន ១២៩, មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៤, មន្ទីរពេទ្យបង្អែកខេត្ដ ២៥ ហើយមន្ទីរពេទ្យជាតិមានចំនួន៩។ ដូច្នេះយើងពិនិត្យឃើញថា មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព មានរហូតដល់ទៅជិត១៤០០កន្លែងហើយ។ នេះបានបង្ហាញឲ្យឃើញថា ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានយកចិត្ដទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទ ដែលកំណត់ គោលនយោបាយរបស់មន្ដ្រីរាជការ ជាង៧០ភាគរយ បានពង្រាយទៅថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក ដោយទុកនៅមន្ទីរពេទ្យជាតិ ប្រហែលជាជិត៣០ភាគរយប៉ុណ្ណោះ ដោយមិនមានប្រមូលមន្ដ្រីនៅតែទីក្រុងនោះទេ។
ការពង្រាយបុគ្គលិកតាមថ្នាក់នៃប្រព័ន្ធសុខាភិបាលនាដើមឆ្នាំ២០១៩នេះ មានបុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់រាជធានីខេត្ត មានចំនួន១៩,៧១០ នាក់ ស្មើនឹង ៧៧.៤៨% នៃចំនួនបុគ្គលិកសុខាភិបាលសរុប (ដើមឆ្នាំ២០១៨មាន៧២.៩៩% ប៉ុណ្ណោះ)។
ក្នុងដំណើរការពង្រាយបុគ្គលិកសុខាភិបាលនេះ ក្រសួងសុខាភិបាល បានរៀបចំធ្វើផែនការជ្រើសរើសបុគ្គលិកប្រចាំឆ្នាំ ដើម្បីបំពេញមុខតំណែងទំនេរ តាមចំនួន និងជំនាញចាំបាច់ តាមតំរូវការសេវា ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដោយផ្អែកលើនិយាមបុគ្គលិក ដែលមានកំណត់ ក្នុងសេចក្តីណែនាំស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់មន្ទីរពេទ្យបង្អែក និងសេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់មណ្ឌលសុខភាពផងដែរ។
រាល់ការបែងចែកបុគ្គលិកសុខាភិបាល បន្ទាប់ពីបានជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌ ឱ្យចូលបម្រើការងារប្រចាំឆ្នាំ ជានិច្ចកាលក្រសួង តែងតែផ្តល់អាទិភាព ឱ្យដល់មូលដ្ឋានសុខាភិបាល ដែលនៅតាមតំបន់ព្រំដែន និងតំបន់ជនបទឆ្ងាយៗពីទីប្រជុំជន។
ក្នុងការអនុវត្តផែនការក្របខណ្ឌនៅឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាព ពីរាជរដ្ឋាភិបាល ឱ្យធ្វើការជ្រើសរើសបុគ្គលិកជំនាញវិស័យសុខាភិបាល ចំនួន១,៣០០នាក់ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីបំពេញតំរូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ។
ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅតំបន់ដាច់ស្រយាលជួបការលំបាក រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់លើកទឹកចិត្ត (ប្រាក់តំបន់) ជារៀងរាល់ខែជាប់រហូតមក ដល់បុគ្គលិកសុខាភិបាលចំនួន៤,៣១៦នាក់ ដែលកំពុងបម្រើការងារ នៅតាមមណ្ឌលសុខភាព ចំនួន៥៧៦កន្លែង និងប៉ុស្តិ៍សុខភាពចំនួន៧៨កន្លែង៕