(ភ្នំពេញ)៖ អគ្គនាយិកា អេលីសលក់គ្រឿងសង្ហារឹម លោកស្រី សំ លីនណា បានលើកឡើងថា ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែរីកចម្រើនយ៉ាងខ្លាំងនោះ ទើបជម្រុញឲ្យវិស័យសំណង់ ខុនដូរ វីឡា និងអាផាតមិនថ្មីៗជាច្រើនកាន់តែរីកដុះដាលយ៉ាងឆាប់រហ័ស ខណៈដែលអាជីវកម្មគ្រឿងសង្ហារឹមក៏កាន់តែរីកដុះដាលខ្លាំងដូចគ្នា។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រី សំ លីនណា បានធ្វើឡើងខណៈលោកស្រីបើកសម្ភោធ អេលីស គ្រឿងសង្ហារឹមសាខាថ្មី (សាខាបឹងត្របែក តាមបណ្តោយមហាវិថីមុន្នីវង្ស ទល់មុខក្រសួងធនធានទឹក) នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ចើញចូលរួមពីភ្ងៀវកិត្តិយសយ៉ាងច្រើនកុះករ។

ការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ អេលីស គ្រឿងសង្ហារឹមនាពេលនេះ គឺបន្ទាប់ពីទទួលបានជោគជ័យ និងការជឿជាក់ពីអតិថិជនយ៉ាងខ្លាំងក្លា លើផលិតផលគ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យដ៏ច្រើនសំបូរបែប។

លោកស្រីអគ្គនាយិកា សំ លីនណា បានបញ្ចាក់យ៉ាងដូច្នេះថា« ការបើកហាងលក់គ្រឿងសង្ហារឹមនេះ គឺដោយសារតែមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យមានការរីកដុះដាលនូវសំណង់ វីឡា ខុនដូរ ផ្ទះល្វែង និងអផាតមិនថ្មីៗជាច្រើន ដូចនេះទើបជម្រុញឲ្យខ្ញុំនាំចូលគ្រឿងសង្ហារឹមពីបរទេស ដែលមានលក្ខណៈស្រស់ស្អាត ទំនើបទាន់សម័យ និងមានគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន»។

លោកស្រីបានបន្ថែមថា ម្យ៉ាងវិញទៀត គឺដើម្បីចូលរួមចំណែកដល់កិច្ចការពារបរិស្ថាន តាមរយៈការប្រើប្រាស់ឈើកែច្នៃជំនួសការកាប់ព្រៃឈើ ជាពិសេសការកាប់ឈើប្រណិតៗ ដើម្បីធ្វើជាគ្រឿងសង្ហារឹម។

ជាមួយនឹងការបើកសម្ភោធនូវសាខាទី៣របស់ខ្លួននាពេលនេះ រាល់ការជាវផលិតផល រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ អតិថិជនទាំងអស់ នឹងទទួលបានការផ្តល់ជូន ទឹកប្រាក់ត្រលប់មកវិញ រហូតដល់១៥០ដុល្លារ ហើយនឹងការថែមជូនមានដូចជា កំរាលពូក ខ្នើយកើយ ខ្នើយអោប ជាច្រើនសន្ទឹកសន្ទាប់។ អតិថិជន ក៏អាចទទួលបាននូវព័ត៌មានប្រូម៉ូសិនថ្មីៗ ជាច្រើនទៀត នៅលើទំព័រហ្វេសបុក ក្រុមហ៊ុនអេលីស www.facebook.com/ellesse.furniture ឬគេហទំព័រ http://ellessefurniture.com/

គូសបញ្ជាក់ផងដែរ ក្រុមហ៊ុនអេលីស គ្រឿងសង្ហារឹម ជាក្រុមហ៊ុនក្នុងស្រុកដែលឈានមុខគេ ក្នុងការផ្គត់ផ្គងគ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យប្រណិតៗ ជាមួយគុណភាពខ្ពស់ ហើយផលិតផលមានច្រើនជំរើស ទៅតាមសេចក្តីត្រូវការ ព្រមទាំងទំហំទីតាំង និងភាពស៊ីវិល័យរបស់អតិថិជន រួមទាំងសេវាកម្ម សម្រិតសម្រាំង និងការធានាលើផលិតផលរយៈពេលច្រើនឆ្នាំទៀតផង៕