(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង សហការជាមួយកម្លាំងប៉ុស្តិ៍រាំងទិល បានឃាត់ខ្លួនជនសង្ស័យ ១៩នាក់ ខណៈកំពុងប្រព្រឹត្តបទល្មើសនេសាទក្នុងឡូតិ៍អភិរក្សខេត្តពោធិ៍សាត់ ដោយបានដកហូតកាណូតចំនួន ៨គ្រឿង និងអួនសាច់យ៉ាំងកាវ ១ពាន់ម៉ែត្រ ព្រមទាំងប្រមូលបានកូនត្រីចម្រុះ ១១៥គីឡូក្រាម យកទៅលែងចូលក្នុងដែនអភិរក្សវិញ។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រាំងទិល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ ឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដែលចុះដកហូតកាណូតអូសសាច់អួនខុសច្បាប់ និងវត្ថុតាងខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយបញ្ជាចុះទៅដល់លំនៅដ្ឋានផ្ទះបណ្តែតទឹករបស់ជនល្មើសផ្ទាល់តែម្តង ធ្វើយ៉ាងណាកុំឲ្យមានប្រភេទកាណូត ឬទូកដែលប្រើប្រាស់ម៉ាស៊ីនធំ និងលួចនេសាទក្នុងឡូតិ៍អភិរក្ស នៃដែនទឹកភូមិសាស្ត្រខេត្តពោធិ៍សាត់។
ប្រភពបន្តថា អាណូតអូសសាច់អួនទាំង៨គ្រឿង ដែលដកហូតបានជាកម្មសិទ្ធិរបស់ថៅកែឈ្មោះ វិន យ៉ាំងឡុក អាយុ៤០ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិទី៣ ឃុំកំពង់ហ្លូង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯជនសង្ស័យ១៩នាក់ទៀត ក្នុងនោះស្រី២នាក់ ដែលប្រព្រឹត្តបទល្មើសជាក់ស្តែង សុទ្ធសឹងជាជនជាតិវៀតណាម។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងអស់ខាងលើ កម្លាំងសមត្ថកិច្ចបានចាប់យក និងដកហូតមករក្សាទុកបណ្តោះអាសន្ត និងបានប្រគល់ជូនសង្កាត់រដ្ឋបាលជលផលកណ្តៀង ចាត់ការបន្តតាមនីតិវិធី៕