(ពោធិ៍សាត់)៖ កម្លាំងប៉ុស្តិ៍នគរបាលផ្ទះព្រៃ និងសហការជាមួយកម្លាំងនគរបាលរដ្ឋបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ដែលដេញវាយគ្នាក្នុងក្រុងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ យកមកអប់រំ និងធ្វើកិច្ចសន្យាឲ្យក្រុមគ្រួសារធានាយកទៅលំនៅឋានវិញ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្តុបស្ពានថ្មថ្មី ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងដែលធ្វើសកម្មភាពខាងលើ មានឈ្មោះ ប៉ុល វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិក្បាលហុង សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ឃាត់នៅកន្លែងកើតហេតុ និង៥នាក់ទៀតឃាត់ខ្លួននៅស្តុបថ្នល់បំបែកលាច ផ្លូវជាតិលេខ៥៖
* ទី១៖ ឈ្មោះ មួង រតនា (ហៅម៉ុយ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំការចេកជើង សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
* ទី២៖ ឈ្មោះ ដង ណើម ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រង ឃុំស្រែស្តុក ស្រុកកណ្តៀង។
* ទី៣៖ ឈ្មោះ ឌូ វ៉ាន ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង។
* ទី៤៖ ឈ្មោះ អៀម ហុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង។
* ទី៥៖ ឈ្មោះ ថន រុំ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានបទបញ្ជាពីលោកអភិបាលខេត្ត កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបក្មេងទំនើង ដែលដេញវាយគ្នាទាំងកណ្តាលអាធ្រាត្រ បានចំនួន៦នាក់នេះ ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីអប់រំ និងធ្វើកិច្ចសន្យាឲ្យក្រុមគ្រួសារធានាយកទៅលំនៅដ្ឋានវិញ៕