(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជួយដល់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បង្កឲ្យផ្ទះខ្លះបាក់រលំ ផ្ទះខ្លះប៉ើងដំបូល កាលពីវេលាល្ងាចម្សិលមិញ។
ការប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្រិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប រួមជាមួយលោក សុខ សាន្តតារា ឣភិបាលស្រុកឆែប និងជាប្រធានកិត្តិយសឣនុសាខាកាកបាទក្រហមកម្ពុជាស្រុក។
លោក ច័ន្ទ សុភ័ក្ត្រា បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារមិនមែនមានតែស្រុកឆែបនេះទេ ដែលរងគ្រោះនោះ ស្ទើរតែគ្រប់ស្រុកទាំងអស់ ដែលករណីនេះលោកបានស្នើសុំឱ្យប្រជាពលរដ្ឋ មានការអត់ធ្មត់ ចំណែកអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសរូបលោកជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប គឺមិនព្រងើយកន្តើយក្នុងការជួយ សម្រួលការលំបាករបស់ប្រជាពលរដ្ឋឡើយ។
លោក ច័ន្ទ សុភ័ក្ត្រា ក៏បាននាំយកនូវសម្ភារ និងថវិកាមួយចំនួនដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសាររងគ្រោះខ្លាំង ជាងគេចំនួន ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានតង់១ ធុងសម្រាប់ដាក់ទឹក១ ឣង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ប៊ីចេង១កញ្ចប់ និងថវិកា ៥០,០០០រៀល។ ប្រជាពលរដ្ឋទាំង៦គ្រួសារដដែលនេះ ក៏ទទួលបានថវិកាក្នុង១គ្រួសារ ៣០,០០០រៀល ពីរដ្ឋបាលស្រុកឆែប និង៤គ្រួសារទទួលបានក្នុង១គ្រួសារ ៥០,០០០រៀល ពីកាកបាទក្រហមកម្ពុជាបន្ថែមទៀត។
ដោយឡែក លោកឣភិបាលស្រុកឆែប បាននាំយកអំណោយរបស់កាកបាទក្រហមខេត្តព្រះវិហារ ចែកជូនដល់ប្រជាពលរដ្ឋ ១៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានតង់១ ឣង្ករ២៥គីឡូ មី១កេះ ត្រីខ១យួរ ទឺកស៊ីអ៉ីវ១យួរ និងថវិការរបស់ប្រធានក្រុមការងារជូន១គ្រួសារ ៥០,០០០រៀល រដ្ឋបាលស្រុកជូន១គ្រួសារ ៣,០០០រៀល ក្នុងនោះមួយគ្រួរសារដែលរងការខូចខាតធ្ងន់ធ្ងរជាងគេកាកបាទក្រហមជូនថវិកា ២០០,០០០រៀល។
លោកបានប្រាប់ប្រជាពលរដ្ឋថា ទោះបីអំណោយដែលយកមកប្រគល់នៅពេលនេះ មានចំនួនតិចតួចក៏ដោយ តែវាអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រាៗផងដែរ៕