(ភ្នំពេញ)៖ ដោយហេតុថាការផ្គត់ផ្គង់ឈាមនៅក្នុងរាជធានីភ្នំពេញមានការខ្វះខាតជាច្រើន ដែលបណ្តាលឲ្យមានអ្នកជំងឺជាច្រើន មិនបានទទួលការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដូច្នេះហើយរ៉ូថារីរាជធានីភ្នំពេញ និងសមាគមអ៊ីគ័នតាវកម្ពុជា បានសហការគ្នារៀបចំទិវាបរិច្ចាគឈាមដោយក្តីស្រលាញ់ ដែលប្រារព្ធឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដោយមានការឧបត្ថម្ភពីសំណាក់ Rotary Club of Phnom Penh។

សម្រាប់អ្នកដែលមានលទ្ធភាព គ្រប់គ្រាន់អាចបរិច្ចាគឈានបាន នៅក្នុងកម្មវិធីនេះ មានចំនួន២២៥នាក់ ដែលទទួលបានឈាម២២៥កំប្លោក។ 

គោលបំណងចម្បងនៃកម្មវិធីនេះ គឺសំដៅជំរុញឲ្យមានការយកចិត្តទុកដាក់ពីសំណាក់ប្រជាជនក្នុងរាជធានីភ្នំពេញ ឲ្យយល់ពីកង្វះឈាមនៅក្នុងធនាគារឈាម ហើយមានភាពក្លាហានក្នុងការផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ដូច្នេះហើយការបរិច្ចាគឈាមមួយប្លោក អាចសាងបុណ្យកុសលដល់កូនចៅរាប់ម៉ឺនជំនាន់។

រ៉ូថារីគឺជាអង្គភាពប្រចាំតំបន់ ដែលបង្កើតឡើងស្របទៅតាមលក្ខន្តិកៈនៃរ៉ូថារីអន្តរជាតិ ដែលមានគោលបំណងផ្តល់ជាសេវាសង្គមកិច្ច និងជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា។ លក្ខណៈពិសេសនៃសមាជិកនីមួយៗ គឺមានអាជីវកម្មផ្សេងៗគ្នា ដោយមានការប្រជុំជារៀងរាល់សប្តាហ៍តាមពេលវេលា និងទីកន្លែងជាក់លាក់ណាមួយ (ប៉ុន្តែយ៉ាងហោចណាស់ក៏ត្រូវមានការប្រជុំ ២លើក ក្នុង១ខែដែរ)។

រ៉ូថារីតាមតំបន់នីមួយៗ គឺជាអង្គភាពប្រតិបត្តិឯករាជ្យ ប៉ុន្តែត្រូវតែមានការស្នើសុំ និងទទួលបានការអនុញ្ញាតពីរ៉ូថារីអន្តរជាតិ ទើបអាចបង្កើតឡើងបាន ជាទូទៅរ៉ូថារីនៃតំបន់នីមួយៗ ត្រូវដាក់ឈ្មោះទៅតាមឈ្មោះតំបន់ ឬទីក្រុងដែលតាំងនៅ។ រ៉ូថារីដំបូងគេក្នុងសកលលោកបានបង្កើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩០៥ ក្នុងទីក្រុងឈីហ្គាហ្គោ នៃរដ្ឋអ៊ីឡាណយ សហរដ្ឋអាមេរិក ដោយមានលោក ផូល ហារី ជាស្ថាបនិក។

កាលពីដំបូងសម័យប្រជុំត្រូវបានកំណត់ និងធ្វើឡើងជារៀងរាល់សប្តាហ៍នៅតាមស្ថាប័ននៃសមាជិកនីមួយៗ ដោយផ្លាស់វេនគ្នា ដូច្នេះហើយទើបអង្គភាពនេះយកឈ្មោះ រ៉ូថារី «Rotary ដែលមានន័យថាផ្លាស់វេនគ្នា»។

រ៉ូថារីរាជធានីភ្នំពេញ (Rotary Club of Phnom Penh Capital) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ សមាជិកភាគច្រើនជាអ្នកសេដ្ឋកិច្ច វេជ្ជបណ្ឌិត ស្ថាបត្យករ និងអ្នកជំនួញអចលនទ្រព្យ ព្រមទាំងពាណិជ្ជករក្នុងវិស័យផ្សេងៗទៀត ដែលក្នុងនោះក៏មានលោកឧកញ៉ា លីហេង និងលោកឧកញ៉ា ឡុង ហៀង។
បច្ចុប្បន្នសមាជិកទាំងអស់ដែលមានជាង៥០រូប មកពីបណ្តាប្រទេសនានា ក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរ ក្នុងរយៈពេលជា២ឆ្នាំមកនេះ រ៉ូថារីបានបរិច្ចាគសម្ភារៈបរិក្ខាពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យជាច្រើន ដែលរួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ ហើយក្នុងនោះក៏មានការជួយឧបត្ថម្ភអំពូលអគ្គិសនី និងជួយលម្អបរិស្ថានជុំវិញទីធ្លាសាលា និងបានធ្វើការបរិច្ចាគអង្ករជាច្រើនលើកដល់ប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ ហើយជាធម្មតារ៉ូថារីតែងតែចូលរួមចំណែកឧបត្ថមរទេះរុញជនពិការ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់មជ្ឈមណ្ឌលនៃក្តីសង្ឃឹម ដែលជំនួយទាំងនេះសរុបជាទឹកប្រាក់មានជាង ១៥ម៉ឺនដុល្លារអាមេរិក។

ក្នុងឆ្នាំថ្មី២០១៩នេះ រ៉ូថារីរាជធានីភ្នំពេញ បានបន្ថែមថវិកាជាច្រើនសម្រាប់ជាជំនួយដល់ការធ្វើឲ្យកាន់តែប្រសើរឡើង នូវគុណភាពទឹកប្រើប្រាស់របស់ប្រជាជន ដែលរស់នៅតាមដងទន្លេសាប និងឧបត្ថម្ភម៉ាស៊ីនកម្តៅទារកដល់មន្ទីរពេទ្យបង្អែកផ្សេងៗ។ រ៉ូថារី និងសមាជិកទាំងអស់សង្ឃឹមថា តាមរយៈកិច្ចការងារសប្បុរសជាបន្តបន្ទាប់នេះ នឹងអាចចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជា ហើយអាចក្លាយជាកល្យាណមិត្តជាមួយប្រជាជនកម្ពុជាផងដែរ៕