(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីសង្គមថៃ បើគិតពីរយៈពេលប្រមាណ២០ឆ្នាំមកនេះ គឺចាប់ពីរដ្ឋប្រហារទម្លាប់លោក ថាក់ស៊ីន ឆ្នាំ២០០៦ រហូតមកដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៤ មីនា ឆ្នាំ២០១៩នេះ ក្នុងការដែលតុលាការធម្មនុញ្ញថៃបានរំលាយគណបក្សនយោបាយនោះគឺមាន៧ ដោយក្នុងនោះ៖
នៅឆ្នាំ២០០៧ ចំពោះគណបក្សដែលត្រូវរំលាយពីបទបដិបក្ខលើការគ្រប់គ្រងក្នុងរបបប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋ មានជាអាទិ៍៖
គណបក្សថៃរ៉ាក់ថៃ, ផាត់ថៈណាឆាតថៃ, ផែនឌិនថៃ។ បន្ទាប់មកទៀតឆ្នាំ២០០៨ គណបក្សដែលត្រូវរំលាយពីបទពុករលួយក្នុងការបោះឆ្នោត មានជាអាទិ៍៖ គណបក្សផ្លំាងប្រាឆាឆុន, ឆាតថៃ, ម៉ាច់ឈិមម៉ាធិបប៉ាតៃ និងឆ្នាំ២០១៩ថ្មីៗនេះ មុនពេលបោះឆ្នោតប្រមាណ២ខែនេះ គឺគណបក្សថៃរ៉ាក់សាឆាត ក៏ត្រូវរំលាយពីបទ បដិបក្ខលើរបបគ្រប់គ្រង ក្នុងរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋនេះផងដែរ។
ចំពោះគណបក្សដែលត្រូវរំលាយទំាងនេះ ហាមដាច់ខាតមិនឲ្យយកឈ្មោះ ឬឈ្មោះបំព្រួញ ឬស្លាកសញ្ញាដដែលត្រទ្បប់យកមកប្រើវិញនោះទេ។ ហើយចំពោះសមាជិកគណៈកម្មការប្រតិបត្ដិរបស់គណបក្សនីមួយៗ ដែលរងការរំលាយគឺត្រូវបានដកសិទ្ធិធ្វើនយោបាយចំនួន៥ឆ្នាំ ដោយលើកលែងតែសមាជិកគណៈកម្មការ ប្រតិបត្ដិគណបក្ស ថៃរ៉ាក់សាឆាត ដែលទើបរំលាយឆ្នាំ២០១៩ថ្មីៗនេះ គឺត្រូវដកសិទ្ធិធ្វើនយោបាយរហូត១០ឆ្នាំឯណោះ។ បានន័យថា ចំពោះការរំលាយគណបក្សនយោបាយ ក្នុងសង្គមថៃ គឺមានលក្ខណៈផុយស្រួយជាទីបំផុត។
លោក រត្ន័ សណ្ដាប់ បន្ដថាបើហេតុនេះបើនិយាយអំពីការបោះឆ្នោតនៅថ្ងៃទី២៤ មីនា ដូចយើងឃើញនេះ គឺរដ្ឋាភិបាលថៃ ចង់បង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្នក្លាយជារដ្ឋាភិបាល មានលក្ខណៈស្របច្បាប់គឺលែងជារដ្ឋាភិបាលរដ្ឋប្រហារទៀតហើយតែប៉ុណ្ណឹងឯង។ ពីព្រោះថៃបានក្លាយជាប្រធានអាស៊ានឆ្នាំ២០១៩នេះ ហើយក៏ត្រូវដឹកនំាប្រជុំ អាស៊ាន-អាមេរិកនៅលើទឹកដីអាមេរិកផងដែរ។ ដោយហេតុថាបើតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងដោយរបបសឹកនេះ បានចែងយ៉ាងច្បាស់ថាដើម្បីអាចបង្កើតរដ្ឋាភិបាលបាន គឺទាមទារឲ្យមានសម្លេងភាគ ច្រើន នៅក្នុងសភាទំាងពីររួមគ្នាគឺរដ្ឋសភានិងព្រឹទ្ធសភា។
ដោយក្នុងនោះរដ្ឋសភា៥០០អាសនៈ និងព្រឹទ្ធសភា២៥០អាសនៈ ជាសរុប៧៥០អាសនៈ។ បើដូច្នេះចំពោះគណបក្សណាដែលអាចបង្កើតរដ្ឋាភិបាលបាន គឺទាល់តែរកសម្លេង៣៧៦អាសនៈ ។ ប៉ុន្ដែដោយព្រឹទ្ធសភាទំាង២៥០ ត្រូវបានជ្រើសតំាងដោយរបបសឹកទំាងអស់នោះ។ បើហេតុនេះតើមានគណបក្សណាដែលអាចមាន ប្រៀបជាងគណបក្ស ផ្លំាង ប្រាឆារ៉ាត់-Palang Pracharat ដែលដឹកនំាដោយរបបសឹកលោក ប្រយុទ្ធ ចាន់អូឆា- Prayuth Chan-Ocha ទៀតនោះ?
ចំពោះរបបសឹកដែលចែងរដ្ឋធម្មនុញ្ញ ដោយទុកតែចំណែកកៅអីរដ្ឋសភា៥០០អាសនៈ មកបោះឆ្នោត ហើយឲ្យគណបក្សនីមួយៗដណ្ដើមគ្នាឲ្យបាន៣៧៦អាសនៈនេះ គឺស្ថិតត្រង់ចំណុចនេះត្រូវបានលោក រត្ន័ សណ្ដាប់ យល់ថានេះប្រហែលជាលោក ប្រយុទ្ធ ចាន់អូឆា ចង់សំដៅដល់គណបក្សណាដែលពូកែអួតប្រជាជនស្រលាញ់នោះ គឺយកឲ្យបានអាសនៈ៣៧៦ ឬក៏យកទំាងអស់ទៅអាសនៈ៥០០នេះ៕